(Reuters)៖ នៅថ្ងៃអង្គារទី ១៦ ខែមីនា ឆ្នាំ ២០២១នេះ ក្រុមហ៊ុនNokia បានប្រកាសផែនការកាត់បន្ថយការងារចំនួន ១ម៉ឺនកន្លែងក្នុងរយៈពេល ២ ឆ្នាំដើម្បីកាត់បន្ថយចំណាយនិងវិនិយោគបន្ថែមលើសមត្ថភាពស្រាវជ្រាវ ខណៈដែលក្រុមហ៊ុនទូរគមនាគមន៍ហ្វាំងឡង់នេះព្យាយាមបង្កើនការប្រកួតប្រជែងរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនEricsson របស់ស៊ុយអែត និងក្រុមហ៊ុន Huewei របស់ចិន ។
បន្ទាប់ពីបានទទួលតំណែងកំពួលកាលពីឆ្នាំមុន លោក Pekka Lundmark នាយកប្រតិបត្តិក្រុមហ៊ុនNokia បាននិងកំពុងធ្វើការផ្លាស់ប្តូរជាច្រើនដើម្បីកែតម្រូវនូវភាពខុសឆ្គងនៃផលិតផលរបស់ក្រុមហ៊ុនក្រោមការគ្រប់គ្រោងអាណត្តិមុន ដែលបានធ្វើឱ្យប៉ះពាល់មហិច្ឆតា 5Gរបស់ខ្លួនហើយបានទាញទម្លាក់ភាគហ៊ុនរបស់ក្រុមហ៊ុនទៀតផង ។
លោកបានប្រកាសពីយុទ្ធសាស្រ្តថ្មីមួយកាលពីខែតុលា ដែលក្នុងនោះNokia នឹងមានក្រុមអាជីវកម្មចំនួន ៤ ហើយលោកបាននិយាយថា ក្រុមហ៊ុននឹងធ្វើអ្វីៗដែលខ្លួនត្រូវធ្វើដើម្បីនាំមុខគេក្នុងបច្ចេកវិទ្យា 5G ។
លោក Lundmark ត្រូវរំពឹងថានឹងធ្វើបទបង្ហាញនូវយុទ្ធសាស្រ្តរយៈពេលវែងរបស់គាត់ ពិភាក្សាផែនការសកម្មភាព និងកំណត់គោលដៅហិរញ្ញវត្ថុក្នុងឱកាសផ្សារមូលធនរបស់ក្រុមហ៊ុននៅថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនរំពឹងថានឹងមានទឹកប្រាក់ប្រហែល ៦០០ លានអឺរ៉ូ (៧១៥ លានដុល្លារ) ដល់ ៧០០ អឺរ៉ូ សម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការចំណាយពាក់ព័ន្ធផ្សេងទៀតនៅ ឆ្នាំ ២០២៣ ។
លោក Lundmarkn បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «សេចក្តីសម្រេចចិត្តទាំងឡាយណាដែលអាចមានផលប៉ះពាល់ដល់និយោជិtតរបស់យើងមិនដែលត្រូវបានគេយកទៅលេងសើចបានទេ ។ អាទិភាពរបស់ខ្ញុំគឺដើម្បីធានាថាអ្នកដែលរងផលប៉ះពាល់ទាំងអស់សុទ្ធបានទទួលការគាំទ្រតាមរយៈដំណើរការនេះ ។»
បច្ចុប្បន្ន ក្រុមហ៊ុនNokiaមានបុគ្គលិកចំនួន ៩០ ០០០ នាក់ ហើយបានកាត់បន្ថយការងាររាប់ពាន់កន្លែងបន្ទាប់ពីបានទទួលយកក្រុមហ៊ុនAlcatel-Lucent កាលពីឆ្នាំ ២០១៦ ។
អ្នកតំណាងក្រុមហ៊ុនNokiaម្នាក់បាននិយាយថា «គម្រោងទាំងនេះជាផែនការរបស់ក្រុមហ៊ុនយើងនៅទូទាំងពិភពលោក ហើយវានឹងប៉ះពាល់ដល់ប្រទេសជាច្រើន ។ នៅអឺរ៉ុប យើងទើបតែបានជូនដំណឹងដល់ក្រុមប្រឹក្សាការងារក្នុងតំបន់ ហើយរំពឹងថាដំណើរការប្រឹក្សាយោបល់នឹងចាប់ផ្តើមក្នុងរយៈពេលខ្លីខាងមុខនេះ ។»
ប្រទេសបារាំងដេលជាកន្លែងដែលក្រុមហ៊ុនNokiaបានកាត់បន្ថយការងារជាងមួយពាន់កន្លែងកាលពីឆ្នាំមុនត្រូវបានដកចេញពីការរៀបចំរចនាសម្ព័ន្ធថ្មីនេះ។
ដោយ៖ បូ សល់