វ៉ាស៊ីនតោនៈ យើងដឹងហើយថា ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន មានភាពប្រេះឆាយ៉ាងខ្លាំង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររដ្ឋការរបស់លោកដូណាល់ ត្រាំ បានបញ្ឆេះសង្គ្រាមពាណិជ្ជកម្មប្រឆាំងចិន។ មជ្ឈដ្ឋានទូទៅព្យាករថា ក្រោមរដ្ឋការថ្មីរបស់លោក ចូ បៃឌិន ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនឹងធូរស្រាលឡើង ប៉ុន្តែប្រហែលជាមិនងាយស្រួលដូច្នេះឡើយ។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ ឱ្យដឹងថា រដ្ឋការរបស់លោកចូ បៃឌិន មានផែនការអនុញ្ញាតឱ្យវិធានការ ក្នុងសម័យដឹកនាំរបស់លោក ដូណាល់ ត្រាំ ចូលជាធរមាន បើទោះបីជាមានការជំទាស់ពីបណ្ដាក្រុមហ៊ុន សហគ្រាសរបស់សហរដ្ឋអាមេរិកយ៉ាងណាក្ដី។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ នោះថា វិធានការនេះមានគោលបំណងចាត់វិធានការណ៍ លើក្រុមហ៊ុនបច្ចេកវិទ្យាចិនណា ដែលគេរកឃើញថាបង្កការគំរាមកំហែងមកលើសហរដ្ឋអាមេរិក។
ក្រសួងនេះ បានចេញវិធានចុងក្រោយជាបណ្តោះអាសន្នមួយ ក្នុងគ្រាដែលលោក ដូណាល់ ត្រាំ សល់ពេលកាន់អំណាចតែប៉ុន្មានចុងក្រោយ។ វិធាននោះមានគោលបំណងដោះស្រាយក្ដីកង្វល់នានាអំពីសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ហើយបានបញ្ជាក់ថា វិធាននោះនឹងមានប្រសិទ្ធភាពអនុវត្តន៍ បន្ទាប់ពីសាធារណជនបញ្ចេញមតិយោបល់រយៈពេល៦០ ថ្ងៃ។
កាលពីថ្ងៃសុក្រ សប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងតាម រយៈសេចក្ដីថ្លែងការណ៍ថា ក្រសួងពាណិជ្ជកម្ម នឹងបន្តទទួលយកការបញ្ចេញមតិយោបល់របស់សាធារណជន អំពីវិធាននេះរហូតដល់ថ្ងៃទី២២ មីនា ជាពេលដែលវិធាននេះត្រូវចូលជាធរមាន។
សេចក្ដីថ្លែងការណ៍ដដែលមានខ្លឹមសារដូច្នេះថា “បច្ចេកវិទ្យា ព្រមទាំងសេវាព័ត៌មាន និងទូរគមនាគមន៍ដែលអាចជឿទុកចិត្តបាន ពិតជាមានសារៈសំខាន់ណាស់ចំពោះសន្តិសុខជាតិ និងសន្តិសុខសេដ្ឋកិច្ចរបស់យើង ហើយវានៅតែជាគោលនយោបាយអាទិភាពកំពូលសម្រាប់រដ្ឋការលោក ចូ បៃឌិន” ។
សភាពាណិជ្ជសហរដ្ឋអាមេរិក និងក្រុមតំណាងឧស្សាហកម្មសំខាន់ៗ បានលើកឡើងពីក្ដីព្រួយបារម្ភ នៅក្នុងលិខិតមួយផ្ញើជូនទៅក្រសួងពាណិជ្ជកម្ម កាលពីខែមករាថា “វិធាននេះ ទទួលបានអំណាចស្ទើរតែគ្មានដែនកំណត់ នៅក្នុងការអន្តរាគមន៍ក្នុងការធ្វើប្រតិបត្តិពាណិជ្ជកម្ម រវាងក្រុមហ៊ុនសហរដ្ឋអាមេរិក និងក្រុមហ៊ុនបរទេសពាក់ព័ន្ធនឹងប ច្ចេកវិទ្យា ដែលមានតិចតួច ឬក៏គ្មានសោះនូវដំណើរការត្រឹមត្រូវ គណនេយ្យភាព តម្លាភាព ឬការសម្របសម្រួលជាមួយកម្មវធីផ្សេងៗទៀតរបស់រដ្ឋាភិបាល” ។
កិច្ចប្រជុំតុមូលរបស់ក្រុមតំណាងនាយកប្រតិបត្តិ នៃក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក បានលើកឡើងមុននេះថា វិធាននេះ “មិនអាចទៅរួចឡើយ សម្រាប់ក្រុមហ៊ុនសហគ្រាសសហរដ្ឋអាមេរិក បើស្ថិតនៅក្នុងទម្រង់បច្ចុប្បន្ន” ។
ទោះជាយ៉ាងណា ខណៈក្រសួងពាណិជ្ជកម្មអាមរិក កំពុងទទួលយកមតិយោបល់ពីសាធារជននៅឡើយ ក្រសួងប្រហែលជាអាចកែប្រែវិធាននេះលើចំណុចខ្លះ ដោយផ្អែកតាមការជំទាស់ពីក្រុមហ៊ុនសហគ្រាស និងភាគីពាក់ព័ន្ធផ្សេងទៀត៕
ដោយ៖ បូ សល់