(Reuters)៖ យោងតាមពាក្យបណ្តឹងនៅតុលារអាមេរិកមួយ នៅថ្ងៃចន្ទទី ១៨ ខែ មករា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា ក្រុមមន្ត្រីអនុវត្តន៍ច្បាប់អាមេរិកកំពុងតែស៊ើបអង្កេតថាតើស្ត្រីម្នាក់ដែលលួចយកកំព្យូទ័រមួយគ្រឿងពីការិយាល័យអ្នកស្រី Nancy Pelosi អ្នកនាំពាក្យសភាអាមេរិក ពេលដែលពួកបាតុករចូលឡុកលុយវិមានកាពីតូលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ ពិតជាព្យាយាមលក់កំព្យូទ័រនោះទៅឱ្យភ្នាក់ងារស៊ើបការសម្ងាត់ពិតមែនឬក៏យ៉ាងណា ។
កាលពីថ្ងៃអាទិត្យនេះ ភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកម្នាក់បានចេញលិខិតមួយបញ្ជាក់រៀបរាប់ពីរឿងក្តីឧក្រិដ្ឋកម្មប្រឆាំងអ្នកស្រី Riley June Willaims រស់នៅរដ្ឋPennsylvania ពីបទទម្លាយចូលអាគារវិមានកាពីតូលដោយខុសច្បាប់ និងបានដឹកនាំពូកបាតុករចូលការិយាល័យអ្នកស្រី Pelosi ។
ករណីចោរលួចគ្រឿងអេឡិចត្រូនិចពីការិយាល័យសភាគឺជាកង្វល់ដ៏ធំមួយក្រោយពីអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ត្រាំបានចូលលុកលុយចូលវិមានកាពីតូល ។
មេធាវីសហព័ន្ធស្តីទី លោក Michael Sherwin បានថ្លែងថា ករណីចោរកម្មខ្លះអាចនឹងធ្វើឱ្យប៉ះដល់សន្តិសុខជាងយ៉ាងធ្ងន់ធ្ងរ ។
យោងតាមលិខិតបញ្ជាក់ ភ្នាក់ងារស៊ើបការសម្ងាត់បានទទួលព័ត៌មានពីបុរសដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយRiley June Williams ។
លិខិតរបស់FBIបានបន្ថែមទៀតថា “អ្នកផ្តល់ព័ត៌មានបានប្រាប់យើងថា អ្នកស្រី Riley June Williams មានបំណងផ្ញើកំព្យូទ័រទៅមិត្តភក្តិម្នាក់នៅរុស្ស៊ី ហើយគេនឹងលក់កំព្យូទ័រនោះទៅឱ្យទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ី ។”
យោងតាមអ្នកផ្តល់ព័ត៌មានដដែលបានឱ្យដឹងថា ការផ្ញើកំព្យូទ័រទៅរុស្ស៊ីត្រូវបរាជ័យដោយមិនដឹងមូលហេតុ ហើយពេលនេះ Riley June Williamsអាចនៅរក្សាទុកកំព្យូទ័រនោះ ឬអាចបំផ្លាញវាចូលបាត់ទៅហើយក៏មិនដឹង ។ ករណីនេះកំពុងស្ថិតនៅក្រោមការតាមដានបន្ថែម ។
សារព៍ត៌មានReuters មិនអាចទាក់ទងអ្នកស្រី Riley June Williamsដើម្បីសុំការស្រាយបំភ្លឺបាននោះទេ។
យោងតាមFBI ប្រហែលជា Riley June Williamsគេចខ្លួនចេញពីផ្ទះ បិទលេខទូរសព្ទ និងលុបគណនីបណ្តាញសង្គមរបស់នាងចោលទាំងអស់ ។
អ្នកនាំពាក្យរបស់ការិយាល័យអ្នកស្រីPelosi លោក Drew Hammill មិនបានឆ្លើយតាមនឹងសំណើរសុំការអធិប្បាយបានភ្លាមនោះទេ ។
ពីរថ្ងៃក្រោយការលុកលុយវិមានកាពីតូល ទើបលោកបាននិយាយថា កំព្យូទ័រដែលប្រើសម្រាប់ធ្វើបទបង្ហាញត្រូវចោរលួចពីបន្ទប់សន្និសីទក្នុងការិយាល័យអ្នកស្រីPelosi ។ មិនមានព័ត៌មានច្បាស់ថា កំព្យូទ័រដែល Riley June Williamsបានលួចនោះនិងកំព្យូទ័រដែលបាត់ក្នុងការិយាអ្នកស្រីPelosi ជាកំព្យូទ័រតែមួយឬក៏យ៉ាងនោះទេ ។
ដោយ៖ បូ សល់