(Reuters)៖ នៅថ្ងៃព្រហស្បតិ៍ទី ០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមចៅក្រមប្រឆាំងឧក្រិដ្ឋសង្រាមនឹងចេញសាលក្រមរបស់ពួកគេក្នុងរឿងក្តី លោក Dominic Ongwen ដែលជាអតីតៈទាហានកុមារអ៊ុយហ្គានដា ដែលបានឡើងជាមេបញ្ជាការជាន់ខ្ពស់មួយរូបរបស់កងទ័ពតស៊ូរបស់ព្រះអម្ចាស់ (Lord’s Resistance Army—LRA ដែលជាក្រុមឧទ្ទាមល្បីឈ្មោះខាងប្រព្រឹត្តអំពើហិង្សាឃោរឃៅឥតត្រាប្រណី និងការបង្ខំស្រ្តីឱ្យធ្វើជាទាសករផ្លូវភេទ។
លោក Ongwen អាយុ ៤៣ឆ្នាំ រងបទចោទ ៧០ករណីដែលសុទ្ធតែជាឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយអាចនឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់ជីវិត បើតុលាការរកឃើញថាលោកពិតជាបានប្រព្រឹត្តដូចបទចោទមែន ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Wacth) មានមូលដ្ឋាននៅក្រុង New York សហរដ្ឋអាមេរិកបានថ្លែងថា សេចក្តីសម្រេចនៅតុលារឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅពេលនេះគឺជាការដោះស្រាយឧក្រិដ្ឋដំបូងបំផុតដែលកងទ័ពឧទ្ទាម LRA បានប្រព្រឹត្ត ។
តុលាការជួបភាពលំបាកខ្លះក្នុងការកាត់ក្តីលោក Ongwen ដែលជាអតីតៈទាហានកុមារ ដែលអាចជាជនល្មើសផង និងជាជនរងគ្រោះមួយរូបផងដែរ ។ ក្រុមមេធាវីរបស់គាត់សុំឱ្យមានការដោះលែង ។
ដឹកនាំដោយមេបញ្ជាការសង្គ្រាមរត់គេចខ្លួន លោកJoseph Kony ទ័ពឧទ្ទាម LRA បានធ្វើភេរវកម្មលើប្រជាជនអ៊ុយហ្គានដាអស់រយៈពេលជិត ២ ទសវត្សរ៍នៅពេលដែលក្រុមឧទ្ទាមនេះប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីយូវីរី មូសេវីនី (Yoweri Museveni) ពីមូលដ្ឋានយោធានៅភាគខាងជើងនៃប្រទេស និងនៅក្នុងតំបន់ដែលពេលនេះជាប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។
គួរបញ្ជាក់ផងដែរថា សមាជិកក្រុមឧទ្ទាម LRA ប្រព្រឹត្តឧក្រិដ្ឋកម្មជាច្រើនរួមមាន ឃាតកម្ម ការចាប់រំលោភ ទាសកម្មផ្លូវភេទ ការបង្ខំឱ្យរៀបការ ការធ្វើទារុណកម្ម និងការកេណ្ឌក្មេងអាយុក្រោម១៥ឆ្នាំឱ្យចូលធ្វើសង្គ្រាម ។
បន្ទាប់ពីត្រូវបានចាប់ពង្រត់ដោយក្រុមឧទ្ទាម កាលលោកនៅក្មេងនៅឡើយ លោក Ongwen បានប្រឹងធ្វើការរហូតបានឡើងឋានៈជាមេបញ្ជាការដែលមើលការខុសត្រូវកងពលតូច Sinia Brigade ដែលជាអង្គភាពប្រតិបត្តិការសំខាន់មួយបណ្តាអង្គភាពចំនួន៤ ដែលមានជនសកម្មប្រយុទ្ធចំនួន ៨០០ នាក់ ស្ថិតនៅក្រោមឱវាទរបស់លោក ។
លោកត្រូវចាប់ឃុំខ្លួននៅឆ្នាំ ២០១៥ និងស្ថិតនៅក្នុងការឃុំខ្លួនរបស់តុលាការនៅឡើយ ។ សវនាការក្តីគាត់បានចប់នៅខែ មីនា ឆ្នាំ ២០២០ ដោយប្រើពេលអស់៣ឆ្នាំកន្លះ ។
មេធាវីការពារក្តីឱ្យលោក Ongwenបាននិយាយថា ការរស់នៅក្នុងភាពឃោរឃៅនៅក្នុងក្រុមឧទ្ទាមLRAបានប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងសមត្ថភាពរបស់គាត់ក្នុងការសម្រេចចិត្តដោយឯងរាជ្យខ្លួនឯង ។
លោកមេធាវី Krispus Odongo បានថ្លែងប្រាប់ក្រុមចៅក្រមក្នុងសវនាការបញ្ចប់រឿងក្តីថា “ពេលដែល Ongwenត្រូវពួកឧទ្ទាមចាប់ពង្រត់ទៅ គាត់គ្មានជម្រើសអ្វីផ្សេងទេ ហើយគាត់ត្រូវបង្ខំឱ្យធ្វើជាទាសករម្នាក់ ។ ទាសភាពនោះបានបន្តរហូតដល់ពេលគាត់ចាកចេញពីព្រៃវិញ ។”
ប៉ុន្តែព្រះរាជអាជ្ញាបានឆ្លើយតបថា Ongwen ជាមនុស្សពេញវ័យហើយ ពេលដែលលោកប្រព្រឹត្តបទល្មើសទាំងនេះ ហើយមិនលើកលែងការទទួសខុសត្រូវបានឡើយ ។
ក្នុងឆ្នាំ ២០០៤ រដ្ឋាភិបាលអ៊ុយហ្គានដាបញ្ជូនជម្លោះជាមួយក្រុមឧទ្ទាម LRA ទៅតុលាការICC ដែលជាសាលាក្តីអចិន្រ្តៃយ៍របស់ពិភពលោកសម្រាប់កាត់ក្តីឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ។
ដោយ៖ បូ សល់