ភ្នំពេញ៖ មរណភាពដោយសារកូវីដ-១៩ របស់ ឌីជេ ប៊ូម បានធ្វើឲ្យសិល្បករជាច្រើនមានការសោកសង្រេង និងសោកស្ដាយយ៉ាងខ្លាំងទៅហើយ ទម្រាំតែសាច់ញាតិគ្រួសារនៃសពមានការសោកស្ដាយប៉ុណ្ណាទៅ នៅពេលនេះក្រុមការងារKhmerTomorrow បានទទួលដំណឹងមកថា អ្នកម្ដាយរបស់ឌីជេ ប៉ូម នៅឯស្រុកកំណើតយំឡើងសន្លប់ក្រោយទទួលបានដំណឹងពីការស្លាប់របស់កូនប្រុសខ្លួន។
នេះជាការបាត់បង់សាច់ញាតិដ៏សំខាន់ម្នាក់ទៀតរបស់អ្នកម្ដាយឌីជេ ប៊ូម។ យោងតាមទំព័រហ្វេសប៊ុកផ្ទាល់របស់ ឌីជេ ប៊ូម ដែលបាត់បង់ជីវិតដោយសារមេរោគកូវីដ-១៩ បានឲ្យដឹងថា អ្នកម្ដាយរបស់លោក ទើបតែបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ ដែលត្រូវជា(ជីដូនបង្កើតរបស់ឌីជី ប៉ូម)កាលពីចុងខែមករា កន្លងទៅនេះ។ នៅពេលនោះ ឌីជេ ប៊ូម បានបង្ហោះរូប១សន្លឹកជាមួយអ្នកម្ដាយភ្ជាប់ជាមួយសារថា “អាណិតនាក់ម្តាយរបស់ខ្ញុំដែលបានបាត់បង់ម្តាយជាទីស្រលាញ់របស់គាត់!”។
ឥឡូវមកដល់ថ្ងៃនេះ អ្វីដែលនឹកស្មានមិនដល់ ម្ដាយឌីជេ ប៊ូម ត្រូវបានបង់កូនប្រុសរូបនេះម្នាក់ទៀត។ តាមគណនីមួយឈ្មោះ រេ បិកា ដែលគេសង្ស័យជាសាច់ញាតិម្នាក់ ឌីជេបាត់បង់ជីវិត បានឲ្យដឹងថា ម្ដាយបានយំបោកខ្លួន រហូតដល់សន្លប់បាត់ស្មារតី។
គណនីនេះសរសេរយ៉ាងរំជួលចិត្តថា ៖ “លឿនពេកហេីយបងប្រុសហេតុអីបងទៅចោលពុកម៉ែយេីង បងដឹងទេម៉ែគាត់យំនឹកបងឡេីងសន្លប់ហេីយ ក្រែងបងប្រាប់ប្អូនថាចាំជួបគ្នាខែបួននោះអី ? ហេតុអីបងកុហកប្អូនបងហា ក្រោកឡេីងមកវិញមកបង ពួកយើងកំពុងរងចាំផ្លូវបង! ” ។
សារនេះ រឹតតែធ្វើឲ្យមិត្តរួមអាជីពរបស់លោកជាច្រើនទៀត កាន់សោកសង្រេង និងអាឡោះអាល័យ ហើយពួកគេបានត្រឹមផ្ញើសារជូនដំណើរសិល្បកររងគ្រោះ និងចែករំលែកសមានទុក្ខជាមួយក្រុមគ្រួសារនៃសព។
ឌីជេ ប៊ូម លោកត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ១៦ មីនា ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យបានយកទៅដាក់សម្រាកព្យាបាលនៅសណ្ឋាគារ Great Duke។ ប៉ុន្តែនៅថ្ងៃទី ២០ មីនា ដោយសារមានអាការហត់ខ្លាំងពេក លោកត្រូវបានដឹកយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងថ្ងៃដដែល លោកគ្រូពេទ្យបានថតពិនិត្យសួតរបស់ ប៊ូម ដោយទទួលលទ្ធផលថា លោកបានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយខ្លាំង។
ដើម្បីសង្គ្រោះ ក្រុមគ្រូពេទ្យបានដាក់ម៉ាស៊ីនជំនួយផ្លូវដង្ហើមតាំងពីថ្ងៃនោះរហូតមកដល់ថ្ងៃទី ២៥ ខែមីនា នេះ។ ប៉ុន្តែអាការរឹតខ្លាំងទៅៗ សួតខ្សោយខ្លាំង ក៏បានបាត់បង់ជីវិតនៅព្រឹកថ្ងៃទី ២៥ មីនា នេះ វេលាម៉ោង ៧ និង៣៥នាទី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញវេលាថ្ងៃត្រង់នេះ៕
អត្ថបទ៖ ស្រេង ចំរើន