(BBC News)៖ បុរសម្នាក់មិនហ៊ានធ្វើដំណើរចេញពីព្រលានយន្តហោះព្រោះគេខ្លាចកូវីតខ្លាំងពេកសុខចិត្តលួចរស់នៅក្នុងតំបន់ហាមឃាត់នៃព្រលានយន្តហោះអន្តជាតិនៃរដ្ឋChicago សហរដ្ឋអាមេរិកអស់រយៈពេល៣ខែដោយគ្មាននរណាដឹង ។ នេះជាការថ្លែងឱ្យដឹងរបស់ក្រុមព្រះរាជអាជ្ញាអាមេរិកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១នេះ ។
បុរសម្នាក់នោះមានឈ្មោះថា Aditya Singh អាយុ ៣៦ និងត្រូវឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ទី ១៦ ខែមករា ឆ្នាំ ២០២១ ក្រោយពីបុគ្គលិកអាកាសចរណ៍សុំឱ្យគាត់បង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណ ។
លោក Aditya Singh ចង្អុលបង្ហាញកាត់ដែលខ្លួនពាក់ តែកាតដែលគាត់នោះមិនមែនជាកាតរបស់គាត់ទេ តែវាជាកាតរបស់ប្រធានគ្រប់គ្រងម្នាក់ដែលបានបាត់កាលពីខែតុលា ឆ្នាំ ២០២០ ។
ប៉ូលិសបានឱ្យដឹងថា លោក Aditya Singh បានធ្វើដំណើរមកពីLos Angeles និងមកដល់ព្រលានយន្តហោះអន្តរជាតិ O’Hare រដ្ឋChicago កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ។
អ្នកស្រី Kathleen Hagerty ជំនួយការមេធាវីនៅរដ្ឋChicago បានថ្លែងឱ្យដឹងតាមរយៈThe Chicago Tribune ថា “លោក Aditya Singh ត្រូវបានគេឃើញពាក់បុគ្កលិកនៅព្រលានយន្តហោះ ហើយគាត់ខ្លាចកូវីតខ្លាំងរហូតមិនហ៊ានចេញពីព្រលានទៅផ្ទះ ។
អ្នកស្រីបានថ្លែងប្រាប់ចៅក្រមកាត់ក្តីករណីនេះថា “គាត់អាចរស់នៅក្នុងព្រលានបានដោយអ្នកដំណើរប្រាក់និងអាហារដល់គាត់ ។”
អ្នកស្រី Susana Ortiz ចៅក្រមកាត់ក្តីប្រចាំតំបន់ Cook County បានបង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលអ្នកស្រីបានស្តាប់ពីដំណើរនៃរឿងក្តីនេះ ។
អ្នកស្រីបាននិយាយបញ្ជាក់ទៅកាន់ព្រះរាជអាជ្ញាដែលបានរៀបរាប់ពីបទចោទនេះថា “អ៊ីចឹង បើខ្ញុំយល់មិនច្រឡំទេ លោកកំពុងតែប្រាប់ខ្ញុំថាបុគ្កលម្នាក់ដែលមិនមែនជាបុគ្គលិកស្របច្បាប់ត្រូវជាប់ចោទពីបទលោករស់នៅក្នុងតំបន់ហាមឃាត់របស់ព្រលានយន្តហោះអន្តរជាតិ O’Hare តាំងពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ ហើយគ្មាននរណាដឹងបន្តិចសោះមែនទេ? នេះខ្ញុំសុំសួរបញ្ជាក់ដើម្បីចៀសវាងការយល់ច្រឡំ ។”
លោក Courtney Smallwood ជំនួយការមេធាវីការពារក្តីបានថ្លែងឱ្យដឹងថា លោកSingh រស់នៅជាយក្រុងLos Angeles មិនដែលមានប្រវត្តិប្រព្រឹត្តបទល្មើសណាមួយពីមុនទេ ។ គេមិនដឹងថាច្បាស់ថាគាត់មករដ្ឋChicagoធ្វើអ្វីនោះទេ ។
គាត់ត្រូវចោទប្រកាន់បទឧក្រិដ្ឋដោយបានចូលតំបន់ហាមឃាត់ក្នុងព្រលានយន្តហោះ និងជាប់ចោទពីបទចោរកម្មកម្រិតមជ្ឈិម ។ តុលាការសម្រេចឱ្យគាត់បង់ប្រាក់ធានាចំនួន ១ ០០០ ដុល្លារ និងកាត់ទោសហាមគាត់មិនឱ្យចូលព្រលានយន្តហោះអន្តរជាតិO’Hareទៀត ។
ចៅក្រម Ortizបានថ្លែងថា “តុលាការយល់ថារឿងក្តីនេះពិតជាចម្លែកណាស់ដែលជនជាប់អាចរស់នៅក្នុងព្រលាន៣ខែដោយគ្មាននរណាម្នាក់ដឹងសោះ ។”
មន្ទីរអាកាសចរណ៍រដ្ឋChicago បានថ្លែងក្នុងសេចក្តីថ្លែងការមួយថា “ខណៈពេលនេះ តុលាការកំពុងស៊ើបអង្កេតរឿងក្តីនេះ ។ តែមន្ទីរអាកាសចរណ៍យល់ថាបុរសម្នាក់នេះមិនបានគម្រាមកំហែងដល់សុវត្ថិភាពព្រលាន និងអ្នកដំណើរឡើយ ។”
ដោយ៖ បូ សល់