(សហរដ្ឋអាមេរិក) សត្វស្វាហ្គីរីឡាយ៉ាងហោចណាស់ ៨ ក្បាលនៅសួនសត្វ Safari Park នៅក្រុងសាន់ឌីហ្គោស (San Diego) ត្រូវបានគេជឿថាបានឆ្លងវីរុសកូវីត ១៩ ពីមនុស្ស ដែលជាអ្នកមើសថែសត្វនៅក្នុងសួនមួយនេះ។
មន្ត្រីគ្រប់គ្រងសួនសត្វមួយរូបបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១១ ខែមករាថា បន្ទាប់ពីសត្វមួយបានធ្វើតេស្តចេញលិទ្ធផលវិជ្ជមាន ហើយការឆ្លងនេះត្រូវបានសម្គាល់ថាជា ការឆ្លងដំបូងគេទៅសត្វស្វា ។
លោក Andrew James អ្នកនាំពាក្យរបស់សួនសត្វ Safari Park បានឲ្យដឹងថា មន្ទីរពិសោធន៍បានប្រមូលសំណាកលាមកកាលពីថ្ងៃពុធ ៦ មករា ពីសត្វស្វាមួយក្បាល ក្នុងចំណោមសត្វហ្គីរីឡា ដែលត្រូវបានគេសង្កេតឃើញថាមានអាការក្អក ហើយបានរកឃើញថាវិជ្ជមានវីរុសនៅរយៈពីរថ្ងៃក្រោយ គឺថ្ងៃទី៨ មករា។
សួនសត្វបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា លទ្ធផលវិជ្ជមានត្រូវបានបញ្ជាក់នៅថ្ងៃទី១១ មករា ដោយមន្ទីរពិសោធន៍នៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) ។
សត្វហ្គូរីឡាត្រូវបានគេជឿថាបានឆ្លងវីរុសកូវីដ១៨ ពីបុគ្គលិកបម្រើក្នុងសួនសត្វដែលមានផ្ទុកវីរុសតែមិនបញ្ចេញរោគសញ្ញា ទោះបីជាមានការប្រកាន់ខ្ជាប់នូវពិធីការពារយ៉ាងតឹងរ៉ឹងបំផុត ស្របតាមគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងសហរដ្ឋអាមេរិក (CDC) ក៏ដោយ នេះបើតាមអ្នកនាំពាក្យសួនសត្វ។
មន្ត្រីសួសត្វ Safari Park ដដែលក៏ បានបន្ថែមថា សួនសត្វនេះបានរិតបន្តឹងវិធានការការពារជំងឺកូវីដ១៩ យ៉ាងម៉ឺងម៉ាត់ មុននឹងមានការផ្ទុះជំងឺនៅអាមេរិក ដោយគេយល់ឃើញថា ស្វាជាសត្វមានអំបូរជិតនឹងមនុស្ស ហើយងាយនឹងឆ្លងជំងឺពីមនុស្ស។
វីរុសកូរ៉ូណា ក៏ត្រូវបានគេរកឃើញផងដែរលើសត្វព្រៃដទៃទៀតក្នុងយុទ្ធនាការពិសោធន៍មួយ ក្នុងនោះមាន សត្វតោ និងសត្វខ្លាច្រើនក្បាលនៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉ក និងសត្វតោបួនក្បាលនៅសួនសត្វ Barcelona ក្នុងប្រទេសអេស្ប៉ាញ។
អត្ថបទ៖ ម៉ីស៊ិន