ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្ដីណែនាំអំពីវិធានការណ៍មួយចំនួនសម្រាប់ចាត់ចែងសាកសពអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ដើម្បីធានានូវសុវត្ថិភាព និងមិនឲ្យមានការចម្លងជំងឺកាចសាហាវនេះ ពីសាកសពទៅកាន់មនុស្សដែលនៅមានជីវិត ដោយមានប៉ុន្មានចំណុចដូចខាងក្រោម៖
១. សាកសពត្រូវដាក់ក្នុងថង់ប្លាស្ទិក មិនជ្រាបទឹក ហើយត្រូវយកទៅបូជា (ដុត)។
២. សាច់ញាតិរបស់អ្នកស្លាប់ មិនអាចត្រូវបានអនុញ្ញាតឲ្យប៉ះដល់សពឡើយ ហើយមិនឲ្យបើកថង់ចេញទោះក្នុងករណីណាជាដាច់ខាត។
៣. បុគ្គលិកសុខាភិបាលដែលពាក់ព័ន្ធ ត្រូវធ្វើអនាម័យដៃ និងត្រូវប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន (អៀម Apron ស្រោមដៃ ម៉ាស់ វ៉ែនតាជាដើម) និងត្រូវសម្លាប់មេរោគ លើថង់ដែលដាក់សាកសព កន្លែងផ្ទុកសាកសព និងកម្រាល និងរបស់បរផ្សេងៗដែលបានប៉ះពាល់នឹងសាកសព។
៤.សមត្ថកិច្ចត្រូវណែនាំឲ្យក្រុមគ្រួសារកុំឱប ឬប៉ះពាល់រាងកាយសាកសពឡើយ
ចំណុចមួយទៀតដែលគួរតែប្រុងប្រយ័ត្នបំផុតគឺ គ្រូពេទ្យ នៅពេលធ្វើកោសល្យវិច័យសាកសព ជាពិសេសគឺធ្វើកោសល្យវិច័យ សួត អ្នកស្លាប់ដោយសារវីរុសកូវីដ១៩ តែម្ដង ព្រោះសួតជាកន្លែងផ្ទុកមេរោគ ហើយងាយនឹងចម្លងទៅគ្រូពេទ្យយ៉ាងឆាប់រហ័សប្រសិនបើធ្វើកោសល្យវិច័យដោយមិនបានការពារគ្រប់គ្រាន់។
ការប៉ះពាល់នឹងសារធាតុរាវក្នុងរាងកាយរបស់សាកសព ក៏ជាកត្តានាំឲ្យមានការចម្លងជំងឺដោយងាយៗដែរ។ ដើម្បីការពារ ការធ្វើកោសល្យវិច័យត្រូវជៀសវាងមិនប៉ះនឹងសារធាតុរាវទាំងនោះឡើយ លើកលែងតែពេលមានការសង្ស័យយ៉ាងខ្លាំងអំពីមូលហេតុនៃការស្លាប់។ ប្រសិនបើមិនអាចធ្វើការបូជាបានភ្លាមៗនោះទេ នៅក្នុងកន្លែងរក្សាសពត្រូវដាក់ឲ្យមានសីតុណ្ហភាពពី ៤ ដល់ ៦ អង្សាសេ។
អង្គការសុខភាពពិភពលោក ក៏បានណែនាំថាបូជាសពជាជម្រើសចំបាច់ លើកលែងតែមានករណីមានសំណើពីគ្រួសារសព ឲ្យធ្វើបញ្ចុះសពដោយសារមូលហេតុសាសនា និងជំនឿ។
នៅក្នុងប្រទេសកម្ពុជា តាមទំនៀមទម្លាប់ជនជាតិខ្មែរ អ្នកកាន់ព្រះពុទ្ធសាសនា សាកសពត្រូវបានគ្រួសារធ្វើការបូជាក្រោយពេលស្លាប់ រីឯបងប្អូនកាន់សាសនាឥស្លាម និងបងប្អូនជនជាតិដើម គឺនិយមត្រូវបញ្ចុះសពអ្នកស្លាប់។
ទាក់ទងបញ្ហាវិធានការណ៍ដោះស្រាយសាកសពអ្នកស្លាប់មានជំងឺកូវីត១៩ នៅកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី សម្រេចឲ្យធ្វើការបូជាសព (ដុត) ជាដាច់ខាត ចំពោះអ្នកកាន់សាសនាឥស្លាម និងជនជាតិដើម គឺត្រូវបានអនុញ្ញាតឲ្យធ្វើការបញ្ចុះសព ប៉ុន្តែត្រូវគោរពឲ្យម៉ត់ចត់ចំពោះវិធានការណ៍ការពារ មិនឲ្យមានការចម្លងមេរោគពីសពអ្នកស្លាប់ទៅអ្នករស់រានមានជីវិតឡើយ ។
អត្ថបទ៖ ម៉ីស៊ិន