ការិយាល័យត្រួតពិនិត្យរដ្ឋរបស់អ៊ីស្រាអែល បានសម្រេចចិត្តពិនិត្យធ្វើតេស្តប្រព័ន្ធសន្តិសុខព័ត៌មាន របស់រដ្ឋាភិបាលតាមវិធីដែលមិនធ្លាប់មានពីមុនមក។
កាសែត The Times of Israel បានអោយដឹងថាការិយាល័យរបស់លោក Matanyahu Englman ដែលជាមន្រ្តីការិយាល័យត្រួតពិនិត្យរដ្ឋ បានជួលពួក Hacker រាប់សិបនាក់ដើម្បីវាយប្រហារធនាគារទិន្នន័យរបស់រដ្ឋាភិបាលប្រទេសនេះ។
គោលបំណងនៃ «ការវាយប្រហារលើប្រទេសខ្លួនឯង» នេះគឺដើម្បីពិនិត្យមើលកម្រិតនៃសុវត្ថិភាព និងសមត្ថភាពរក្សាភាពសម្ងាត់ នៃទិន្នន័យដែលកំពុងផ្ទុករាល់ព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍ គម្រោងដ៏ចម្លែកនេះនឹងត្រូវចំណាយអស់លុយពី រាប់សែន ទៅ រាប់លានដុល្លារអាមេរិក។
Hacker ដែលចង់ចូលធ្វើការ ត្រូវមានការទទួលស្គាល់ និងយល់ព្រមពី Shin Bet ជាមុនសិន (Shin Bet ជាភ្នាក់ងារសម្ងាត់របស់អ៊ីស្រាអែលដូច CIA របស់អាមេរិក) ។
គេនៅមិនទាន់ច្បាស់ថាហេតុអ្វីបានជាការិយាល័យត្រួតពិនិត្យរដ្ឋធ្វើរឿងនេះ ពីព្រោះអ៊ីស្រាអែលមានភ្នាក់ងារទទួលបន្ទុកផ្នែកការពារសន្តិសុខតាមអ៊ីនធឺណេតច្រើនណាស់ហើយ ទោះយ៉ាងដូចជាអគ្គនាយកដ្ឋានសន្តិសុខ (Cyber Security Director) ភ្នាក់ងារចារកម្ម និង កងកំលាំងការពារជាតិអ៊ីស្រាអែល (IDF) ។
ព័ត៌មាននេះលិចឮឡើងក្នុងពេលជាមួយគ្នា ដែលប្រទេសអ៊ីស្រាអែលកំពុងតែប្រឈមនឹងការវាយប្រហារដោយពួក Hacker ចូលក្នុងស្ថាប័នគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងប្រព័ន្ធផ្គត់ផ្គង់ទឹកផងដែរ។
អត្ថបទ៖ ម៉ីស៊ិន