(CNA)៖ នៅថ្ងៃសៅរ៍ទី ២៣ ខែមករាឆ្នាំ ២០២១នេះ ប៉ូលិសរុស្ស៊ីបានឃុំខ្លួនបាតុករយ៉ាងតិច ២ ៥០០ នាក់ និងបានប្រើកម្លាំងបំបែកការហែជាក្បួនជាច្រើនកន្លែងទូទាំងរុស្ស៊ី ក្នុងពេលដែលបាតុកររាប់ម៉ឺននាក់ចេញបាតុកម្មក្រោមអាកាសធាតុត្រជាក់ក្រោមសូន្យអង្សាដើម្បីទាមទារឱ្យមានការដោះលែង លោក Alexei Navalny អ្នករិះគន់វិមានក្រឹមឡាំងមិនសំចៃមាត់ ។ ភរិយារបស់លោកNavalny ក៏ត្រូវចាប់ឃុំខ្លួនជាមួយពួកបាតុករផងដែរ ។
លោកNavalny បានអំពាវនាវឱ្យក្រុមទាំងគាំទ្រចេញធ្វើបាតុកម្ម ក្រោយពីលោកត្រូវខ្លួននៅសប្តាហ៍មុន បន្ទាប់ពីត្រឡប់មកពីអាល្លឺម៉ង់វិញ ។
អាជ្ញាធររុស្ស៊ីបានព្រមានប្រាប់ប្រជាជនរបស់ខ្លួនឱ្យនៅឱ្យឆ្ងាយពីបាតិកម្ម ដោយលើកឡើងថា ពួកគេនឹងអាចប្រឈមមុខនឹងការឆ្លងជំងឺកូវីត និងការជាប់ទោសដែលអាចឈាន់ដល់ការជាប់ពន្ធនាគារ បើពួកគេនៅតែរឹងចូលរួមកម្មវិធីដែលមិនមានច្បាប់អនុញ្ញាត ។
ពួកបាតុករមិនខ្វល់ពីបម្រាមនិងសីតុណ្ហភាពត្រជាក់ ហើយនាំគ្នាចេញធ្វើបាតុកម្មយ៉ាងច្រើនកុះករ ។
តាមការរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានReuters នៅក្រុងមូស្គូ បាតុករប្រមាណ ៤០ ០០០ នាក់បានធ្វើការជួបជុំគ្នាដោយមិនមានច្បាប់អនុញ្ញាត ។ ប៉ូលិសបានចាប់ខ្លួនមនុស្សជាច្រើននាក់ញាត់ចូលក្នុងឡាន ។
អាជ្ញាធររុស្ស៊ីបានថ្លែងតបថា មានបាតុករតែ ៤០០០នាក់ទេ ។ ក្រសួងការបរទេសរុស្ស៊ីថា តួលេខដែលReutersផ្សាយនោះគឺច្រើនហួសពីការពិត ។
ឆានែលTelegramរផ្លូវការបស់ក្រសួងនេះបានផុសបែបចំអកថា “ម៉េចមិនថា ៤ លាននាក់តែម្តងទៅ ?”
អ្នកស្រី Yulia ភរិយារបស់លោកលោកNavalny បានសរសេរតាមបណ្តាញសង្គមរបស់អ្នកស្រីថា អ្នកស្រីត្រូវបានប៉ូលិសចាប់ឃុំខ្លួនពេលដើរហែក្បួន ។ ក្រោយមកអ្នកស្រីក៏ត្រូវបានដោះលែង ។
គួរបញ្ជាក់ផងដែរថា លោកNavalny អាយុ ៤៤ ជាមេធាវីមួយរូប កំពុងតែជាប់ឃុំខ្លួនក្នុងពន្ធនាគារនាក្រុងមូស្គូ ។ គាត់បាទចោទ លោកប្រធានាធិបតីរុស្ស៊ី វ្លាដឺមៀរ ពូទីន ថាបានបញ្ជាឱ្យគេដាក់ថ្មាំបំពុលរូបលោក ។ លោក ពូទីនបានបដិសេធការចោទប្រកាន់នេះ ដោយចោទលោកNavalnyថាជាផ្នែកមួយនៃល្បិចកលកខ្វក់ដែលអាមេរិករៀបចំឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោក ។
បាតុករម្នាក់ឈ្មោះ Sergel Radchenko អាយុ ៥៣ ឆ្នាំ បាននិយាយថា “ខ្ញុំហត់នឹងការភ័យខ្លាចហើយ ។ ខ្ញុំមកនេះមិនមែនដើម្បីតែលោកលោកNavalnyទេ តែក៏ដើម្បីអនាគតកូនប្រុសខ្ញុំដែរ ។”
ដោយ៖ បូ សល់