ភ្នំពេញ៖ សូមប្រុងប្រយ័ត្នជាមួយនិងជំងឺគ្រុនឈាម ព្រោះរដូវវស្សាមកដល់ហើយ។ យោងតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា រោគសញ្ញានៃជំងឺគ្រុនឈាមមាន ដូចជា៖ ក្តៅខ្លួនខ្លាំង, ឈឺក្បាល, ឈឺសន្លាក់ដៃជើង និងសាច់ដុំ, ស្នាមអុចក្រហមលើស្បែក និងអាចមានជាអាការៈចុកនៅក្នុងពោះ និងក្អួតចង្អោរ។
ជំងឺគ្រុនឈាមជាទូទៅ តែងតែកើតមាននៅលើកុមារ តែក៏មានករណីជំងឺនេះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នា។ យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផល ដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។
ជំងឺគ្រុនឈាមមួយចំនួន អាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពី ការហូរឈាមតាមសរីរាង្គនានា ដូចជា ប្រព័ន្ធរំលាយអាហារ ស្បែក និងក្នុងខួរក្បាល ហើយដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត។
ជាទូទៅរយៈពេលពី៣ ទៅ៤ថ្ងៃ បន្ទាប់ពីមានរោគសញ្ញាដំបូង អ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗដូចជា៖ ការហូរឈាមនៅក្នុងភ្នែក, ហូរឈាមតាមច្រមុះ, ស្នាមជាំនៅលើស្បែក ហើយជំងឺនេះ នឹងជាទៅវិញនៅចន្លោះ ១០ ទៅ ១៤ ថ្ងៃ ឬអាចយូរជាងនេះ។
បច្ចុប្បន្ននេះ នៅមិនទាន់មានការព្យាបាលចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំអោយវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ ដល់អាយុជីវិតរបស់អ្នកជំងឺ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកំដៅ ត្រូវបានហាមឃាត់ ព្រោះអាចបណ្តាលអោយមានការហូរឈាមខ្លាំង ក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។
យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ លុបបំបាត់ជម្រកមូស និងការពារពីមូសខាំ។ ក្នុងករណីដែលអ្នកជំងឺ ដែលមានអាការៈ ដូចបានរៀបរាប់ខាងលើ (ហើយដែលជាពិសេសអាការៈនោះ កើតមានឡើងក្នុងរដូវភ្លៀង) គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញ ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះ អោយបានឆាប់រហ័ស ដើម្បីទទួលបាននូវការព្យាបាល ដែលសមស្របមួយ៕
ដោយ៖ បូ សល់