ជាទូទៅ ជំងឺគ្រុនឈាមកើតឡើងក្នុងរដូវក្តៅ និងរដូវវស្សា ហើយជាញឹកញាប់វាកើតឡើងនៅតាមទីក្រុង និងទីកន្លែងដែលមនុស្សរស់នៅជិតៗគ្នា។ មូសបង្កាត់ពូជនៅកន្លែងដែលមនុស្សរក្សាទឹកទុក និងគ្រប់កន្លែងដែលមានដក់ទឹក ជាទូទៅគឺនៅក្នុងពាង និងទឹកដក់លើដីដែលហូរចេញពីលូ។ល។
នៅពេលមនុស្សម្នាក់កើតជំងឺគ្រុនឈាមជាលើកដំបូង គាត់អាចជាសះស្បើយឡើងវិញ ដោយការសម្រាក និងផឹកទឹកអោយច្រើន។ នៅពេលគាត់កើតជំងឺគ្រុនឈាមជាលើកទីពីរ ឬពេលណាមួយបន្ទាប់ពីនោះ វាកាន់តែមានគ្រោះថ្នាក់ជាងមុន។
ជារឿយៗជំងឺនេះចាប់ផ្តើមឡើងដោយមានគ្រុនក្តៅខ្លាំងភ្លាមៗ រួមជាមួយការឈឺខ្លួន។ បន្ទាប់ពី ៤ ទៅ ៥ ថ្ងៃ អ្នកជំងឺអាចចាប់ផ្តើមមានអារម្មណ៍ប្រសើរឡើងវិញ ប៉ុន្តែកន្ទួលចាប់ផ្តើមចេញនៅលើប្រអប់ដៃនិងកជើង។ កន្ទួលរាលទៅដៃ ជើង និងដងខ្លួន (ប៉ុន្តែធម្មតាមិនកើតនៅលើផ្ទៃមុខទេ)។ ជំងឺគ្រុនឈាមអាចមានលំនាំផ្សេងៗទៀត ប៉ុន្តែមនុស្សភាគច្រើនមានអក្ការៈគ្រុនក្តៅខ្លាំង និងមានរោគសញ្ញាពីរឬច្រើនទៀត។
រោគសញ្ញាជំងឺគ្រុនឈាមទូទៅ
– ទ្បើងកម្តៅខ្លាំងភ្លាមៗចាប់ពី ៣៩ អង្សាសេ ឬខ្ពស់ជាងនេះ និងមានញាក់
– ឈឺខ្លួនជាខ្លាំងនៅក្នុងសាច់ដុំនិងសន្លាក់
– ឈឺក្បាល ឈឺចាប់នៅពីក្រោយភ្នែក និងឈឺបំពង់ក
– អ្នកជំងឺមានអារម្មណ៍ពិបាកក្នុងខ្លួន និងពិបាកទ្រាំ
– ចេញកន្ទួល
– ចង្អោរឬក្អួត
– អស់កម្លាំងជាខ្លាំង
ការព្យាបាល អាចជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង។ ប៉ុន្តែត្រូវសង្កេតមើលសញ្ញាគ្រោះថ្នាក់នៃជំងឺគ្រុនឈាមធ្ងន់ធ្ងរ។ ប្រសិនបើមិនព្យាបាលភ្លាមៗទេ វាអាចបណ្តាលឱ្យស្លាប់បាន។
សញ្ញាគ្រោះថ្នាក់នៃជំងឺគ្រុនឈាមធ្ងន់ធ្ងរ
– ស្នាមអុចឈាមតូចៗនៅលើស្បែក ឬចេញពីច្រមុះ ត្រចៀក ឬមាត់
– ហើមពោះ ឬមានឈាមក្នុងក្អួតឬលាមក (ដោយការហូរឈាមក្នុងក្រពះ)
– មានការហូរឈាមតាមស្បែក មានចំនុចខ្មៅជាំតូចៗ
– មិនអាចបរិភោគឬផឹក
– ជីពចរញាប់ ស្បែកត្រជាក់ វង្វេង
– នៅកន្លែងដែលមានការធ្វើតេស្តឈាម, អេម៉ាតូគ្រីត (Hématocrites) ឡើងខ្ពស់ ឬ ប្លាកែត (Taux Plaquettes) ធ្លាក់ចុះទាប គឺជាសញ្ញាប្រាប់ថាមានអ្វីមិនល្អ (អាចមានជំងឺគ្រុនឈាមហើយ)
គេអាចព្យាបាលជំងឺគ្រុនឈាមធ្ងន់ធ្ងរ តែតាមរយៈការបញ្ចូលសេរ៉ូមតាមសរសៃយ៉ាងឆាប់រហ័ស និងព្យាបាលការបាត់បង់ឈាមប៉ុណ្ណោះ។ សូមទៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើមានសញ្ញាគ្រោះថ្នាក់។
វិធីបង្ការ
– ត្រូវបំបាត់ជម្រកមូស
– បង្ការកុំឲ្យមូសបង្កាត់ពូជបាន
– ចៀសវាងកុំឲ្យមូសខាំ (ដោយការគេងក្នុងមុងជ្រលក់ថ្នាំ) ជាដើម។ល។
ដោយ៖ ពេជ្ជរ៉ា