ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានឲ្យដឹងថា ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែទៀត នៅស្ពានអាកាសចោមចៅ ត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន។
ប្រភពខាងលើ បានបន្តថា ការដាក់ឲ្យដំណើរការនៅវផ្លូវខាងលើ បានធ្វើឡើង ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ផងដែរថា ផ្លូវតភ្ជាប់ចរាចរទាំង២ខ្សែនោះ រួមមាន៖ ១. ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ និង២.ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ ៣៕
អត្ថបទ៖ ស្រេង ចំរើន