តាមការសិក្សារបស់សមាគមន៏ជំងឺទឹកនោមផ្អែមប្រទេសកម្ពុជាបានអោយដឹងថា៖
– មានប្រជាជនខ្មែរ ៣០០,០០០នាក់ មានជំងឺទឹកនោមផ្អែម
– ១០% នៃប្រជាជនខ្មែរពេញវ័យដែលរស់នៅទីក្រុង មានជំងឺទឹកនោមផ្អែម
– ៥% នៃប្រជាជនខ្មែរពេញវ័យដែលរស់នៅតំបន់ជនបទ មានជំងឺទឹកនោមផ្អែម
– ១០% នៃប្រជាជនខ្មែរពេញវ័យនៅជនបទ និង១៥% នៃប្រជាជនខ្មែរពេញវ័យនៅទីក្រុងស្ថិតនៅក្នុងដំណាក់កាលមុនជំងឺទឹកនោមផ្អែម ដែលមានអាការៈដូចជា មានវិបត្តិកម្រិតជាតិស្ករក្នុងឈាមដែលអាចនឹង ឈានទៅរកការកើតជំងឺទឹកនោមផ្អែម បើមិនបានទទូលការព្យាបាល។
– ២ ភាគ ៣ នៃគ្រប់ករណីជំងឺទឹកនោមផ្អែម មិនបានធ្វើរោគវិនិច្ឆ័យមុនពេលធ្វើការសិក្សានេះ។
– បើគ្មានវិធានការទប់ស្កាត់ទេ ប្រទេសកម្ពុជានឹងមានប្រជាជន ១.៣លាននាក់ កើតជំងឺទឹកនោមផ្អែម នៅឆ្នាំ ២០១៥។
តើហេតុអ្វីបានជាជំងឺនេះមានអត្រាខ្ពស់នៅប្រទេសកម្ពុជា?
ចំនួនដ៏ច្រើននៃអ្នកជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជា ដែលជាប្រទេសមួយនៅក្រីក្រនៅឡើយនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជំនាញជាច្រើន។
ការកើនឡើងនៃជំងឺទឹកនោមផ្អែមប្រភេទទី២ គឺទាក់ទងទៅនឹងការផ្លាស់ប្តូររបៀបរស់នៅ។ នៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួលសេដ្ឋកិច្ច សកលភាវូបនីយកម្មនៃវិស័យកសិកម្ម និងការលូតលាស់យ៉ាងឆាប់រហ័សនៃឧស្សាហកម្មទេសចរណ៏ មានន័យថាការផ្លាស់ប្តូរទម្លាប់អាហារ និងកាន់តែមានការងារដែលអង្គុយនៅតែមួយកន្លែង។ បញ្ហានេះបានពន្យល់អំពីមូលហេតុនៃការកើតជំងឺទឹកនោមផ្អែមនៅទីក្រុងជាងនៅជនបទ។
ម្យ៉ាងទៀតគេជឿថា ជំងឺទឹកនោមផ្អែមមានទំនាក់ទំនងជាមួយការមានវ័យចំណាស់ និងការខ្វះអាហារូបត្ថម្ភរបស់ទារកនៅក្នុងផ្ទៃ និងកុមារ។ មានប្រជាជនខ្មែរជាច្រើនបានរងនូវការអត់ឃ្លានក្រោមរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ហើយទាំងនេះ អាចនាំឲ្យពូកគេកើតជំងឺទឹកនោមផ្អែម នៅពេលជីវិតពេញវ័យ។
ដោយ៖ ពេជ្ជរ៉ា