ជំងឺទឹកនោមផ្អែមបានរាតត្បាតយ៉ាងស្ងាត់ស្ងៀម ហើយបានឆក់យកជីវិតមនុស្សកាន់តែច្រើនឡើងៗ ជាងជំងឺអេដស៏ជារៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ២០០៧ មានមនុស្សប្រហែល ៣.៥ លាននាក់ ស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោក យោងតាមមូលនិធិទឹកនោមផ្អែមពិភពលោក។
ព័ត៌មានទាក់ទងនិងជំងឺទឹកនោមផ្អែម៖ ការរាត្បាតនៃជំងឺទឹកនោមផ្អែម ច្រើនតែកើតមានឡើងចំពោះប្រភេទទី២ ហើយបណ្តាលមកពីការកើនឡើងនៃការធ្វើនគរូបនីយកម្ម និងការផ្លាស់ប្តូរវប្បធម៌យ៉ាងឆាប់រហ័ស ដែលនាំឲ្យមានការថយចុះនៃការធ្វើពលកម្ម និងការផ្លាស់ប្តូររបបអាហារ។
នៅឆ្នាំ១៩៨៥ តាមការប៉ាន់ស្មាន មានមនុស្ស ៣០លាននាក់ មានជំងឺទឹកនោមផ្អែម។ សព្វថ្ងៃនេះ ជំងឺទឹកនោមផ្អែមបានរាតត្បាតទៅមនុស្សជាង ២៣០លាននាក់ ដែលស្ទើរតែស្មើ៦% នៃមនុស្សពេញវ័យក្នុងពិភពលោក។ ចំនួនមនុស្សមានជំងឺទឹកនោមផ្អែម តាមការប៉ាន់ស្មាន នឹងកើនឡើងដល់ ៣៥០លាននាក់ ក្នុងកំឡុងពេលតិចជាង ២០ឆ្នាំខាងមុខ បើសិនជាគ្មានវិធានការណាមួយនោះទេ។
ក្នុងចំណោមករណីជំងឺទឹកនោមផ្អែមទាំងអស់ ៩០ – ៩៥% គឺជាជំងឺទឹកនោមផ្អែមប្រភេទទី២ ប៉ុន្តែ ៨០% នៃជំងឺទឹកនោមផ្អែមប្រភេទទី២ អាចការពារដោយការផ្លាស់ប្តូរបបអាហារ និងការបង្កើនសកម្មភាពរាងកាយ។
ដោយ៖ ពេជ្ជរ៉ា