(CNN)៖លោកវេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់នៅមន្ទីរពេទ្យដែលលោក Alexey Navalny មេដឹកក្រុមប្រឆាំងរុស្ស៊ីត្រូវបញ្ជូនទៅសម្រាកព្យាបាលភ្លាមៗក្រោយពីលោកត្រូវគេបំពុលកាលពីរដូវក្តៅមុន បានស្លាប់ហើយ នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមការឱ្យដឹងរបស់មន្ទីរពេទ្យដែលលោកវេជ្ជបណ្ឌិតរូបនោះធ្វើការ ។
យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Sergey Maximishin អនុប្រធានផ្នែកពេទ្យនៃមន្ទីរពេទ្យសង្គ្រោះបន្ទាប់ Omsk (Omsk Emergency Hospital) បានស្លាប់ភ្លាមៗនៅក្នុងជន្មាយុ ៥៥ ឆ្នាំ ។
សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបានរៀបរាប់ដោយមិនបញ្ជាក់មូលហេតុនៃការសម្លាប់របស់លោក Sergey Maximishinថា “ដោយសេចក្តីអាឡោះអាល័យនិងសោកស្តាយជាទីបំផុត, យើងសូមជម្រាបជូនដំណឹងថា នាយករងផ្នែកព្យាបាលជំងឺសរសៃប្រសាទ និងការជួយសង្រ្គោះបន្ទាន់ ជំនួយការសាកលវិទ្យាល័យវេជ្ជសាស្រ្តរដ្ឋអូមស៍ សាស្រ្តាចារ្យវិទ្យាសាស្រ្តវេជ្ជសាស្រ្ត លោកវេជ្ជបណ្ឌិត Sergey Maximishinបានទទួលមរណភាពភ្លាមៗ ។”
គួរបញ្ជាក់ថា ដំបូងឡើយ លោក Navalny ត្រូវបានគេទៅអង្គភាពសង្រ្គោះបន្ទាន់បន្សាបជាតិពុលកម្រិតធ្ងន់នៃមន្ទីរពេទ្យ Omsk Emergency Hospital No.1 នៅថ្ងៃទី២០ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីលោកមានអាការៈមិនស្រួលក្រោយត្រូវគេបំពុលនៅលើយន្តហោះធ្វើដំណើរពីដំបន់ស៊ីបេរីទៅមូស្គូ ។ យន្តហោះបានចុះចតជាបន្ទាន់នៅរដ្ឋOmsk ។
លោក Sergey Maximishinមិនបានធ្វើសេចក្តីសង្ខេបព័ត៌មានណាមួយទេ នៅពេលដែលលោក Navalny សម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ។ ក្នុងនាមជា នាយករងទទួលបន្ទុកផ្នែកថ្នាំសន្លប់និងការជួយសង្រ្គោះអ្នកជំងឺបន្ទាន់ លោកគឺជាវេជ្ជបណ្ឌិតជាន់ខ្ពស់មួយរូបនៅមន្ទីរពេទ្យខាងលើ ។
លោក Navalny ត្រូវក្រុមគ្រូពេទ្យដាក់សន្លប់ហើយទីបំផុតត្រូវបញ្ជូនទៅរដ្ឋធានីប៊ែរឡាំងប្រទេសអាឡឺម៉ង់ ដែលគាត់បានចំណាយពេល៥ខែដើម្បីព្យាបាលរហូតបានជាសះស្បើយពីការពុលនេះ ។ បន្ទាប់ពីលោកវិលចូលប្រទេសរុស្ស៊ីវិញ លោកត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅពន្ធនាគារ ។ ចំណាត់ការនេះបានបង្កឱ្យមានការថ្កោលទោសភ្លាមៗពីសំណាក់បរទេសរួមទាំងអាមេរិកផងដែរ ។
លោកLeonid Volkov ប្រធានផ្នែកបុគ្គលិករបស់លោក Navalny បានបញ្ជាក់ថា Sergey Maximishin ទទួលខុសត្រូវក្នុងការព្យាបាលមេដឹកនាំក្រុមប្រឆាំង ។លោកបន្ថែមថា Sergey Maximishinបានដឹងច្រើនជាងអ្នកផ្សេងទៀតអំពីស្ថានភាពរបស់ លោក Navalny ។
លោកបន្តថា “ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសរុស្ស៊ីគឺអន់ខ្លាំងណាស់ ហើយវាមិនមែនជារឿងចម្លែកទេដែលវេជ្ជបណ្ឌិតក្នុងវ័យគាត់ស្លាប់ភ្លាមៗដោយគ្មានមូលហេតុនោះ ។ ខ្ញុំសង្ស័យថាប្រហែលជាគ្មានការស៊ើបអង្កេតចំពោះការស្លាប់របស់គាត់ទេ ។”
ប្រធានមន្ទីរសុខាភិបាលប្រចាំតំបន់ Omsk បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Sergey Maximishin ធ្វើការឱ្យមន្ទីរពេទ្យនេះអស់រយៈពេល ២៨ឆ្នាំ ហើយបានជួយសង្រ្គោះជីវិតមនុស្សរាប់ពាន់នាក់ ។
លោកAlexander Mukakhovsky ថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា “លោក Sergey Maximishinបានជួយមនុស្សជាច្រើនឱ្យបានឃើញពិភពលោកសារថ្មី ។ យើងទាំងអស់គ្នានឹងនឹកគាត់ជានិច្ច មិនអាចបំភ្លេចបានឡើយ ។ លោកវេជ្ជបណ្ឌិតទៅឆាប់ពេក ហើយព្រោះដូច្នេះហើយ ការឈឺចាប់នៃការបាត់បង់គាត់គឺពិតជាធំធេងណាស់ ។”
ដោយ៖ បូ សល់