(USA TODAY) ៖ បុរសអ្នកជំនួញជោគជ័យម្នាក់ដែលបានស្លាប់កាលពីឆ្នាំទៅបានបន្សល់នូវលិខិតបណ្តាំកេរមរតកអស្ចារ្យមួយដែលគាត់បន្សល់ទុកប្រាក់ចំនួន ៥លានដុល្លារអាមេរិកសម្រាប់ឆ្កែអាយុ៨ឆ្នាំដែលជាឆ្កែសំណព្វចិត្តរបស់គាត់។ នេះបើយោងតាមការចុះផ្សាយរបស់USA TODAYនៅថ្ងៃទី ១៤កុម្ភៈ ឆ្នាំ២០២១ ។
ទូរទស្សន៍WTVF-TVបានផ្សាយថា លូលូ (Lulu) អាយុ ៨ ឆ្នាំ នឹងបន្តរស់នៅក្នុងជីវិតដ៏ស្តុកស្តម្ភបន្ទាប់ពីសឆ្កែមហាសំណាងនេះបានទទួលកេរមរតកជាទឹកប្រាក់ចំនួន៥ដុល្លារដែលម្ចាស់វាបានបន្សល់ទុកឱ្យ ក្រោយពីគាត់ទទួលមរណភាព ។
អ្នកស្រី Martha Burton អាយុ ៨៨ ឆ្នាំ ជាអ្នកមើលថែលូលូបាននិយាយថា លោកBill Dorris ជាអ្នកជំនួញដ៏ជោគជ័យម្នាក់ដែលមិនធ្លាប់រៀបការ បានស្លាប់កាលពីចុងឆ្នាំទៅ ។ បណ្តាំមរតករបស់គាត់បានបញ្ជាក់ថា ប្រាក់គួរតែតម្កល់ទុកក្នុងគណនីមួយសម្រាប់ការថែទាំលូលូ ហើយអនុញ្ញាតឱ្យអ្នកស្រី Martha Burtonទទួលបានសំណងវិញពីការចំណាយប្រចាំខែដែលសមហេតុផលក្នុងការថែរក្សាលូលូ ។
អ្នកស្រី Martha Burtonដែលជាមិត្តលោកBill Dorris និងជាអ្នកមើលថែលូលូពម្ចាស់វាត្រូវទៅឆ្ងាយបាននិយាយទៀតថា «គាត់ពិតជាស្រឡាញ់ឆ្កែនេះខ្លាំងណាស់ ។»
អ្នកស្រីបន្ថែមថា អ្នកស្រីមិនដឹងថាគាត់អាចចំណាយលុយ៥លានដុល្លារនេះលើការមើលថែលូលូអស់ដែរឬអត់នោះទេ ។ គាត់និយាយទាំងញញឹមថា គាត់នឹងសាកល្បងមើល៍ ។
ទោះបីលិខិតបណ្តាំមិនបានបញ្ជាក់ថាប្រាក់ដែលនៅសល់ពីការចំណាយលើលូលូនឹងត្រូវចាត់ចែងយ៉ាងណាក្រោយពេលវាស្លាប់ក៏ដោយ តែវេបសាយVanityfair.comបានចុះផ្សាយថា ជាធម្មតាប្រាក់ដែលនៅសល់នឹងត្រូវបរិច្ចាគឱ្យបុគ្គលណាម្នាក់ឬអង្គការសប្បុរសធម៌ណាមួយ ។
ដោយ៖ បូ សល់