អ្នកជំនាញផ្នែកសុខាភិបាល ប្រាប់អោយប្រជាពលរដ្ឋប្រុងប្រយ័ត្ន ពីការទទួលទានភេសជ្ជៈ ដែលមានជាតិផ្អែមជា ប្រចាំលើសកំរិត ដែលនាំអោយកើតមានជំងឺផ្សេងៗ រួមមានជំងឺបេះដូង ជំងឺពុកធ្មេញ ជំងឺទឹកនោមផ្អែម និងជំងឺធាត់ លើសទម្ងន់ ដែលជាផលវិបាកចំពោះសុខភាព។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លើកឡើងប្រាប់អ្នកសារព័ត៌មាន ក្នុងបទបង្ហាញមួយកាល ពីព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៩នេះ នៅមន្ទីរសុខាភិបាលរាជធានី ស្ថិតក្នុងខណ្ឌសែនសុខ។ ជាមួយនិងបទបង្ហាញ ពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈផ្អែមខាងលើ លោកប្រធានមន្ទីរសុខាភិបាល បានលើកឡើងថា សូមកុំផ្សាយ ពាណិជ្ជកម្ម ពាក់ព័ន្ធនិងការដាក់រង្វាន់ក្នុងកំប៉ុងភេសជ្ជៈផ្អែមទាំងនោះ។
លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបន្តអោយដឹងថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ ក្រសួងសុខាភិបាល ដែលមានឯកឧត្តម ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី និងរដ្ឋបាលរាជធានីភ្នំពេញដែលមានឯកឧត្តម ឃួង ស្រេង ជាអភិបាល បានយកចិត្តទុកដាក់បង្កើតអោយមានយុទ្ធនាការនៃការបញ្ចៀបការយល់ដឹងអំពីការកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម តាមរយៈការអនុវត្តសុខុមាលភាពទីកន្លែងធ្វើអោយប្រជាពលរដ្ឋមានការយល់ដឹងពីផលប៉ះពាល់ដែលបណ្តាលមកពីការញាំភេសជ្ជៈផ្អែមនេះ។ ការផ្សព្វផ្សាយត្រូវបានធ្វើតាមមធ្យោបាយជាច្រើនដូចជា សារគន្លឹះត្រូវបានតាំងនៅលើប៉ាណូធំៗ និងតុកតុកក្នុងរាជធានីភ្នំពេញ។ក្នុងនោះក៏បានធ្វើជា ខិតបណ្ណបានបែងចែកជូនសហគមន៍ និងសិស្សនៅតាមសាលារៀន ព្រមទាំងបានធ្វើសិក្ខាសាលាផ្សព្វផ្សាយចំនួន៨លើកផងដែរ ដែលបានអញ្ជើញ សមាជិកក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ នាយកសាលានិងភាគីពាក់ព័ន្ធ ដើម្បីបង្កើនភាពចូលរួមអនុវត្តយុទ្ធនាការ ក្នុងសហគមន៍និងសាលារៀន។
សំរាប់មនុស្សពេញវ័យអាចទទួលទានភេសជ្ជៈផ្អែមតិចជាងមួយកំប៉ុងក្នុងមួយថ្ងៃ រីឯក្មេងមានអាយុក្រោម១២ឆ្នាំ អាចទទួលទាន បានប្រហែលកន្លះកំប៉ុង ហើយលោកប្រធានមន្ទីរសុខាភិបាលរាជធានី ក៏បានពន្យល់ ពីផលប៉ះ ពាល់ដែលបណ្តាលមកពីការទទួលទានភេសជ្ជៈផ្អែម ជាគ្រោះថ្នាក់ដ៏ធំដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញពីការអង្កេតសុខភាពនៅតាមសាលារៀនសំរាប់ឆ្នាំ២០១៣កន្លង មក រកឃើញថា ៥២% នៃយុវជនរស់នៅទីប្រជុំជនបានញុំាភេសជ្ជៈយ៉ាងតិច១កំប៉ុងក្នុងមួយថ្ងៃ និងលើសពី ៦០%នៃយុវជន បានឃើញការផ្សព្វផ្សាយពីភេសជ្ជៈផ្អែម។ របាយការណ៍ដដែល ក៏បានបង្ហាញអោយដឹងថា នៅមុនខែធ្នូឆ្នាំ២០១៧ ប្រទេស កម្ពុជាពុំទាន់មានសារាចរ ឬ គោលនយោបាយកាត់បន្ថយការញាំភេសជ្ជៈផ្អែម ព្រមទាំងគ្មាន ការទប់ស្តាត់ ការផ្សាយ ពាណិជ្ជកម្មលក់ភេសជ្ជៈផ្អែមនៅឡើយទេ៕