(CNA)៖ ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូងបានថ្លែងថានៅឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំមកនេះ ដោយសារជំងឺកូវីដ ១៩ បានបំផ្លាញការងារក្នុងឧស្សាហកម្មផ្តល់សេវាកម្ម និងប្រជាជនមិនសូវចំណាយប្រាក់ ។
ទិន្នន័យបឋមដែលចេញផ្សាយដោយធនាគារជាតិកូរ៉េ នៅថ្ងៃព្រហស្បតិ៍ទី ០៤ ខែមីនា ឆ្នាំ ២០២១បានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកូរ៉េកាលពីឆ្នាំមុនបានធ្លាក់ចុះ ១ភាគរយពីឆ្នាំ ២០១៩ ។ វាជាការធ្លាក់ចុះប្រចាំឆ្នាំដំបូងបំផុតចាប់តាំងពីឆ្នាំ ១៩៩៨ នៅពេលដែលកូរ៉េខាងត្បូងស្ថិតនៅក្នុងវិបត្តិហិរញ្ញវត្ថុដែលកំពុងតែធ្លាក់ចុះនាពេលនោះ ។
សេដ្ឋកិច្ចកូរ៉េនឹងប្រាកដជាធ្លាក់ចុះខ្លាំងជាងនេះ បើកុំតែមានការនាំចេញផ្នែកបច្ចេកវិទ្យា ដែលតម្រូវការកុំព្យូទ័រផ្ទាល់ខ្លួនកើនឡើង នៅពេលដែលជំងឺរាតត្បាតកូវីដ១៩បានបង្ខំឱ្យបនុស្សរាប់លាននាក់នៅជុំវិញពិភពលោកធ្វើការនៅផ្ទះ ។
ធនាគារជាតិកូរ៉េរំពឹងថាសេដ្ឋកិច្ចកូរ៉េខាងត្បូងអាចស្ទុះងើបឡើងវិញបន្តិចម្តងនៅឆ្នាំនេះ ដោយសារការនាំចេញ ប៉ុន្តែកូរ៉េនឹងត្រូវចំណាយពេលវេលាយូរជាងមុនសម្រាប់ទីផ្សារកាងារដើម្បីស្តារkarខូចខាតក្នុងវិស័យឧស្សាហកម្មផ្តល់សេវាកម្មដូចជាភោជនីយដ្ឋាន និងការដឹកជញ្ជូនជាដើម ។
ចាប់តាំងពីខែមីនា ឆ្នាំមុនមក ធនាគារកណ្តាលប្រទេសកូរ៉េបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅកម្រិតទាបបំផុតគឺ ០,៥ភាគរយដើម្បីជួយឱ្យមានលំហូរសាច់ប្រាក់ជួយសេដ្ឋកិច្ច ។ ប៉ុន្តែអ្នកជំនាញនិយាយថា វិធានការនេះមានឥទ្ធិពលតិចតួចប៉ុណ្ណោះក្នុងកំឡុងពេលមានជំងឺរាតត្បាតដែលបំផ្លាញទាំងការផ្គត់ផ្គង់និងតម្រូវការទីផ្សារ ។
គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ករណីអ្នកកើតជំងឺកូវីដថ្មីចំនួន ៤២៤នាក់ទៀតនៅថ្ងៃព្រហស្បតិ៍នេះ ដែលនាំឱ្យចំនួនអ្នកកើតសរុបឡើងដល់ ៩១ ២៤០ នាក់ ក្នុងនោះមានអ្នកស្លាប់ ១ ៦១៩នាក់ហើយ ។
ដោយ៖ បូ សល់