រដ្ឋលេខាធិការអង់គ្លេស លោកស្រី Priti Patel បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “នៅមានជនមួយក្រុមតូចដែលនៅតែរឹងទទឹងមិនព្រមធ្វើរឿងត្រឹមត្រូវនឹងគេសោះ ។”
លោកស្រី Priti Patelបានថ្លែងទៀតថា “សាររបស់ខ្ញុំទៅកាន់ពួកគេគឺច្បាស់លាស់អស់ហើយ ។ បើពួកគេមិនគោរពច្បាប់ អ៊ីចឹងមានតែប៉ូលិសយើងអនុវត្តច្បាប់តាមតួនាទីខ្លួន ។”
បច្ចុប្បន្ននេះ នៅអង់គ្លេស ជនណាចូលរួមការជួបជុំគ្នាខុសពីច្បាប់កំណត់ត្រូវពិន័យជាប្រាក់ ២០០ ផោន ឬ១០០ ផោន បើបង់ប្រាក់បានលឿន ។


ម្ចាស់កម្មវិធីណាដែលអនុញ្ញាតឱ្យមានការជួបជុំដែលមានមនុស្សចូលរួមលើសពី៣០នាក់នឹងត្រូវពិន័យជាប្រាក់ជាង១ម៉ឺនដុល្លារ ។
លោកស្រី Priti Patel បាននិយាយថា “រាជរដ្ឋាភិបាលនឹងមិននៅស្ញៀមឬកាន់ជើងពួកជនមួយចំនួនតូចដែលធ្វើឱ្យមនុស្សជាច្រើនទៀតត្រូវហានិភ័យនោះទេ ។”
លោកវិជ្ជបណ្ឌិត Vin Diwakar នាយក NHS ប្រចាំតំបន់អង់គ្លេសបានថ្លែងថា “ការជួបជុំគ្នាមិនត្រឹមតែធ្វើឱ្យអ្នកនិងអ្នកផ្ទះមានហានិភ័យទេ វាអាចនាំហានិភ័យដល់អ្នកជិតខាង និងសហគមន៍របស់អ្នកទាំងមូលតែម្តង ។”
ថ្លែងស្វាគមន៍សេចក្តីប្រកាសពីការពិន័យថ្មីនេះ លោកMartin Hewitt ប្រធានក្រុមប្រឹក្សាប៉ូលិសជាតិបាននិយាយថា ការជួបជុំគ្នាលក្ខណៈធំដុំជាការនាំមកនូវគ្រោះថ្នាក់ច្រើន និងជាការមិនចេះទទួលខុសត្រូវរបស់អ្នករៀបចំកម្មវិធីនិងអ្នកចូលរួម ហើយវាជាអំពើដែលមិនទទួលយកបានទាល់តែសោះ ។

ដោយ៖ បូ សល់