(AP)៖ ជាការឆ្លើយតបដ៏ភ្ញាក់ផ្អើលមួយ ក្រុមហ៊ុនFacebookបានបិទមិនឱ្យប្រជាជនអូស្រ្តាលីអាចចែកផ្សាយបន្តព័ត៌មានលើFacebookបានទៀតឡើយ។ សកម្មភាពនេះជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលអូស្រ្តាលីថាតើក្រុមហ៊ុនបច្ចេកវិទ្យាធំៗគួរតែបង់ប្រាក់ជូនស្ថាប័នព័ត៌មាននានាសម្រាប់អត្ថបទព័ត៌មានដែលពួកគេផ្សាយឬយ៉ាងណា ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់សារព័ត៌មាន Associate Press (AP)នៅថ្ងៃពី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ។
រដ្ឋាភិបាលអូស្រ្តាលីបានថ្កោលទោលវិធានការរបស់ក្រុមហ៊ុនFacebook ដែលបានរារាំងទាំងការទំនាក់ទំនងរបស់រដ្ឋាភិបាលមួយចំនួនរួមមានសារអំពីសេវាកម្មសង្រ្គោះបន្ទាន់និងផេកពាណិជ្ជកម្មមួយចំនួនផងដែរ ។
វេទិកាឌីជីថលទាំងឡាយមានFacebook និង Googleជាដើមបារម្ភថា អ្វីដែលកំពុងកើតឡើងនៅប្រទេសអូស្រ្តាលីនឹងក្លាយជាគម្រូនៅក្នុងប្រទេសដទៃទៀតដែលតម្រូវឱ្យពួកចំណាយកាន់តែច្រើន នៅពេលដែលរដ្ឋាភិបាលកែប្រែច្បាប់ដើម្បីដេញជើងពិភពឌីជីថលដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអូស្រ្តាលី លោក Josh Frydenberg បានថ្លែងថា Facebookធ្វើសកម្មភាពនេះក្រោយពីសភាតំណាងរាស្រ្តបានអនុម័តច្បាប់មួយដែលនឹងតម្រូវឱ្យក្រុមហ៊ុននេះនិងក្រុមហ៊ុនGoogle បង់ប្រាក់ជូនដល់សារព័តមានអូស្រ្តាលី ។ លោកបាននិយាយថា លោកមិនបានទទួលការព្រមានឱ្យដឹងមុន មុនពេលFacebookចាត់វិធានការនេះនោះទេ ។ ច្បាប់នេះនឹងត្រូវឆ្លងកាត់ការអនុម័តដោយព្រឹទ្ធសភាសិនដើម្បីក្លាយជាច្បាប់ពេញលេញ ។
ស្ថាប័នសារព័ត៌មានអូស្រ្តាលីមិនអាចបង្ហោះព័ត៌មានទៀតទេនៅពេលនេះ ឯអ្នកប្រើFacebookនៅទីនោះដែលព្យាយាមចែកផ្សាយព័ត៌ដែលមានស្រាប់បន្តនឹងទទួលបានសារបញ្ជាក់ប្រាប់ពួកគេថា ពួកគេមិនអាចស៊ែរបានទៀតឡើយ ។
ដោយ៖ បូ សល់