នៅព្រឹក ថ្ងៃព្រហស្បតិ៍ត ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រូចឆ្មារ អញ្ជើញបន្ត ជួបប្រជាកសិករ នៅភូមិបារាយណ៍ ឃុំឈូក និងបានចុះពិនិត្យការស្តារប្រឡាយនៅចំណុចអូរឃ្លីវ និងចំណុចបឹងកាដេរ និងការអន្តរាគមន៍បូមទឹកពីបឹងកាដេរដែលបានក្លាយជាអាងស្តុកទឹកធម្មជាតិ ទំហំជាង ៣០០ហិកតា ក្រោយពេលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសាងសង់ទំនប់ ស្ទាក់ទឹករួច។
បច្ចុប្បន្ន ប្រជាកសិករចំនួន២ភូមិ គឺភូមិបារាយណ៍ និងភូមិក្របីគ្រៀក ឃុំឈូក សរុបជាង ៦០០ខ្នងផ្ទះ ដែលកន្លងមកជួបបញ្ហាខ្វះទឹកស្រោចស្រពដំណាំនិងស្រូវស្កកបាត់ផលរាល់ឆ្នាំ កំពុងរីករាយប្រើប្រាស់ទឹកបឹងកាដេរ បង្កបង្កើនផល នៅលើផ្ទៃដីជាង ១៥០០ហិកតា។
ដោយ៖ បូ សល់