Saintes, បារាំង (Reouters)៖ ទឹកជំនន់ដ៏ធំបានវាយប្រហារជោរជន់លិចប៉ែកនិរតីនៃប្រទេសបារាំង នៅថ្ងែចន្ទទី ០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីមានភ្លៀងខ្លាំងបន្តបន្ទាប់ជាច្រើនថ្ងៃជាប់គ្នា ហើយតំបន់ជាច្រើនទៀតរួមទាំងទីក្រុងប៉ារីសភាគខាងកើតផងកំពុងតែប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ ក្រោយបានព្យាករអាកាសធាតុថានឹងមានភ្លៀងត្រជាក់ធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ ។
តំបន់ដែលរងគ្រោះដោយទឹកជំនន់ខ្លាំងបំផុតគឺទីក្រុងSaintes ជាទីដែលទឹកទន្លេCharenteឡើងដល់កម្រិត ៦, ២០ ម៉ែត្រ ។នៅតាមដងផ្លូវខ្លះ ទឹកឡើងដល់ត្រឹមចង្កេះ និងខ្លះត្រឹមជង្គង់ ។
មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញទៅរកទីសុវត្ថិភាព ខណៈដែលទឹកបានហូរចូលទៅក្នុងបន្ទប់ក្រោមដីនិងបានកាត់ផ្តាច់ចរន្តអគ្គិសនី ។ អាជ្ញាធរមូលដ្ឋានដាក់បន្ទះក្តារជាសង្កាត់ៗដើម្បីឱ្យប្រជាជនអាចដើរឆ្លងពីផ្ទះលិចទឹកទៅដីគោក ។
លោក Cyril Cheransa ត្រូវចេញពីផ្ទះល្វែងដែលគាត់ជិតមួយឆ្នាំហើយ បាននិយាយថា “យើងបានដឹងថាតំបន់នេះគឺជាតំបន់ដែលមានទឺកជំនន់ ប៉ុន្តែមិនដែលស្មានថាទឹកអាចឡើងខ្ពស់ដល់កម្រិតនេះសោះ ។ បើបានដឹងមុន យើងប្រាកដជាមិនទិញផ្ទះល្វែងនេះទេ ។”
លោកPascal Leprince ប្រធានកងពន្លត់អគ្គិភ័យបាននិយាយថា ក្រុមការងាររបស់គាត់បានជួយជម្លៀសប្រជាជនប្រមាណ ៤០០ នាក់នៅក្នុងSaintes ហើយបានប៉ានប្រមាណថា មនុស្សប្រហែល ៨០០នាក់បានចេញពីផ្ទះរបស់ពួកគេដោយខ្លួនឯង ។
ដោយ៖ បូ សល់