សម្រស់គឺជាចំណុចពិសេសមួយដែលមិត្តអ្នកអានមានការយកចិត្តទុកដាក់ខ្ពស់ ដែលនេះមិនមែនសម្រាប់តែមិត្តនារីៗនោះឡើយ សូម្បីតែបុរសៗក៏គិតគូរលើចំណុចនេះផងដែរ។
ទោះបីជាលោកអ្នកមានទម្រង់មុខស្អាតផូរផង់ហើយក៏ដោយក្តី ការទទួលទានអាហារដែលមានគុណប្រយោជន៍បន្ថែមពីលើនេះ គួរតែត្រូវបានយកចិត្តទុកដាក់សម្រាប់ថែទាំសម្រស់របស់អ្នកឲ្យស្រស់ស្អាតមិនឆាប់ចាស់។
ខាងក្រោមនេះ គឺជាប្រភេទអាហារ និងរុក្ខជាតិ៤មុខ ដែលត្រូវបានគេរកឃើញថា មានគុណប្រយោជន៍បំផុតសម្រាប់ជួយបង្កើនសម្រស់៖
១-ដើមប្រទាលកន្ទុយក្រពើ
ដើមប្រទាលកន្ទុយក្រពើផ្ទុកសារជាតិរ៉ែ វីតាមីន អាមីណូអាស៊ីត និងអង់ស៊ីមក្នុងកម្រិតខ្ពស់បំផុត អាចប្រឆាំងនឹងភាពចាស់ រួមទាំងជួយការពារជំងឺមហារីក ជួយរំលាយអាហារ ជួយឲ្យសក់លូតលាស់បានល្អ និងអាចកាត់បន្ថយជាតិស្ករនៅក្នុងឈាមទៀតផង។
២-ប្រេងដូង
ផ្ទុយពីការលើកឡើងមួយចំនួនដែលថា ការប្រើប្រាស់ប្រេងដូងក្នុងអាហារនឹងធ្វើឲ្យមនុស្សធាត់ ដែលនេះជាការខុសទាំងស្រុងផ្ទុយពីការអះអាងរបស់អ្នកជំនាញ។ ការពិតប្រេងដូងផ្ទុកសារជាតិខ្លាញ់មួយប្រភេទដែលជាខ្លាញ់ល្អសម្រាប់សុខភាព ក្នុងការការពារ និងជំរុញឲ្យមានការលូតលាស់កោសិកាខាងក្នុងរាងកាយរបស់អ្នក។ លើសពីនេះទៅទៀត សារជាតិខ្លាញ់នៅក្នុងប្រេងដូងនេះ មានតួនាទីសំខាន់សម្រាប់សុខភាពឆ្អឹង ហើយថែមទាំងអាចបង្កើនល្បឿនសម្រកទម្ងន់ និងកាត់បន្ថយជាតិកូឡេស្តេរ៉ុល ទៀតផង។
៣-ទឹកខ្មេះធ្វើពីផ្លែប៉ោម
ទឹកខ្មេះធ្វើពីផ្លែប៉ោមជួយដល់ការបំបាត់មុន ដោយហេតុថា វាជាឱសថមួយយ៉ាងមានប្រសិទ្ធភាពប្រឆាំងទៅនឹងវីរុស បាក់តេរី និងពពួកផ្សិតផ្សេងៗទៀត រួមទាំងជួយជំរុញដល់ការលូតលាស់កោសិកាជីវិត ដើម្បីកម្ចាត់មុននៅលើផ្ទៃមុខ។
ក្រៅពីនេះ វាអាចជួយរំលាយអាហាររឹង ទល់លាមក និងជំរុញឲ្យមានទឹកអាស៊ីដនៅក្នុងក្រពះ សម្រាប់សម្រួលដល់ការរំលាយអាហារ។ មួយវិញទៀត ទឹកខ្មេះប្រភេទនេះ អាចជួយឲ្យមានតុល្យភាពផ្សិត និងបាក់តេរី រួមទាំងកម្រិតការប្រើប្រាស់ជាតិស្ករនៅក្នុងខ្លួនទៀតផង ទន្ទឹមនឹងការផ្ទុកសារជាតិប៉ូតាស្យូម និងសារជាតិរ៉ែ ជាច្រើនទៀតសម្រាប់ជួយបង្កើនសម្រស់ និងសុខភាព។
៤-ស្ពៃក្ដោប
វីតាមីន C ដែលមានគុណប្រយោជន៍យ៉ាងច្រើនមដល់សុខភាពផ្ទុកនៅក្នុងស្ពៃក្ដោប មានចំនួនច្រើនជាងផ្លែក្រូចរហូតដល់១១% ។ វីតាមីន Cមានផ្ទុកសារធាតុចិញ្ចឹមប្រឆាំងទៅនឹងភាពចាស់ ក្នុងការជួយជួសជុលជាលិកាដែលខូចខាតឲ្យលូតលាស់ល្អឡើងវិញ ជាមួយនឹងវីតាមីនផ្សេងទៀតដូចជា វីតាមីន A និង E ដែលប្រសិទ្ធភាពខ្ពស់ជួយបង្កើនសម្រស់របស់អ្នក៕
ដោយ៖ ពេជ្ជរ៉ា