ខ្ញីជាអាហារមួយប្រភេទដែលមនុស្សនិយមទទួលទានជាយូរលង់មកហើយ។ បើទោះជាមានរសជាតិមិនសូវឆ្ងាញ់ ប៉ុន្តែមើមខ្ញីត្រូវគេដឹងថា ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ។ ក្រៅពីសារធាតុរ៉ែម៉ង់កាណែសនិងរ៉ែទង់ដែង វាផ្ទុកទៅដោយវីតាមីនជាច្រើន ហើយដែលអ្វីទាំងអស់នេះមានសារសំខាន់បំផុតសម្រាប់ការបំពេញមុខងាររាងកាយ ។
ខាងក្រោមនេះជាអត្ថប្រយោជន៍យ៉ាងច្រើនរបស់ខ្ញីចំពោះសុខភាព៖
១.ប្រឆាំងនឹងការរលាក៖
ប្រសិទ្ធភាពមួយក្នុងចំណោមប្រសិទ្ធភាពជាច្រើនរបស់ទឹកខ្ញីគឺវាដើរតួជាភ្នាក់ងារប្រឆាំងនឹងការរលាកជាពិសេសការរលាកសន្លាក់។ ការសិក្សាពិសោធតាមបែបវិទ្យាសាស្ត្រមួយបានបង្ហាញថា អ្នកប្រើប្រាស់ទឹកខ្ញីប្រឈមតិចតួចនឹងជំងឺរលាកផ្សេងៗដ្បិតវាផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបង្កើនលំហូរឈាមថ្មីៗតាមរយៈការកម្ចាត់ចោលសមាសធាតុអាក្រក់ចេញពីរាងកាយ។
២.ទប់ស្កាត់មហារីក៖
មើមខ្ញីមានប្រសិទ្ធភាពសម្លាប់កោសិកាដែលបង្កឱ្យទៅជាជំងឺមហារីក។ ការសិក្សាមួយបានបង្ហាញថា ពិសាមើមខ្ញីជួយបន្ថយល្បឿនលូតលាស់កោសិកាមហារីកសុដន់។
៣. ជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ៖
មួយក្នុងចំណោមអត្ថប្រយោជន៍ច្រើនយ៉ាងរបស់ខ្ញី គឺជួយបង្កើនកម្លាំងប្រព័ន្ធការពាររាងកាយ។ ពេលរដូវរងាមកដល់អ្នកនឹងបានដឹងថា វាអាចបន្ថែមភាពកក់ក្តៅដល់រាងកាយ។ ផឹកតែខ្ញីមួយពែងជួយកម្ចាត់ជំងឺផ្តាសាយនិងក្អក។
៤. ជួយបំបាត់ភាពតានតឹង (Stress)៖
សម្ពាធជាប្រចាំទៅលើតុល្យភាពជីវិតការងារ អាចនឹងធ្វើឱ្យអ្នកជួបបញ្ហា Stress ជាមិនខាន។ ផឹកតែខ្ញីក្តៅៗមួយពែងជួយបញ្ចុះកម្រិត Stress ហើយធ្វើឱ្យអ្នកមានកម្លាំងពលំ និងអារម្មណ៍ស្រស់ថ្លាឡើងវិញ។
៥. ទប់ស្កាត់ដំណើរលើសឈាមភ្លាមៗ៖
ខ្ញីដើរតួនាទីក្នុងនាមជាសារធាតុធ្វើឱ្យឈាមរាវ និងកាត់បន្ថយដំណើរលើសឈាមភ្លាមៗ។ អ្នកអាចបន្តក់ទឹកឃ្មុំ ២-៣ តំណក់ដើម្បីសម្រួលដល់រសជាតិ។
៦. ជួយជំរុញដល់ការរំលាយអាហារក្នុងរាងកាយ៖
ការមិនរំលាយអាហារបានល្អអាចនាំឱ្យមានការចុងឆ្អល់ចុងដង្ហើម ហើយនេះជាបញ្ហាដែលតែខ្ញីពិតជាអាចជួយបាន។ ពិសាទឹកខ្ញីជួយធ្វើឱ្យល្អប្រសើរដល់ការរំលាយអាហារ ក៏ព្រោះវាជួយបង្កើនល្បឿនចលនាអាហារចេញពីក្រពះទៅកាន់ពោះវៀន។ បន្ថែមពីលើនេះ វាជួយសម្អាតរាល់សារធាតុពុលទាំងអស់ចេញពីរាងកាយ និងជួយព្យាបាលជំងឺពុលឡាន។
៧. ប្រឆាំងនឹងជំងឺពុលឡាន៖
មានមនុស្សភាគច្រើនដែលមិនអាចជម្នះបាននូវអារម្មណ៍ចង់ក្អួតចង្អោរក្នុងពេលធ្វើដំណើរ ប៉ុន្តែមិនថ្វីទេ គេអាចបំបាត់អារម្មណ៍បែបនេះបានដោយការទទួលទានតែខ្ញី។ ផឹកទឹកតែខ្ញី២-៣ ក្អឹកមុនការធ្វើដំណើរនឹងជួយឱ្យអ្នកបន្ធូរអារម្មណ៍បាន។
៨. កាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល៖
ទឹកខ្ញីមានប្រសិទ្ធខ្ពស់ក្នុងការកាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល។ វាជួយកម្ចាត់ចោលនូវរាល់វត្ថុដែលរាំងស្ទះលំហូររបស់ឈាមក្នុងសរសៃឈាម។
៩. ជួយព្យាបាលជំងឺផ្តាសាយ៖
ខណៈវាផ្ទុកសមាសធាតុប្រឆាំងនឹងវីរុសព្រមទាំងពពួកផ្សិត ខ្ញីត្រូវបានគេយកទៅធ្វើជាឱសថព្យាបាលជំងឺផ្តាសាយ ការក្អួតចង្អោរ និងគ្រុនក្តៅ។
១០. ជួយឱ្យឈាមក្នុងរាងកាយរត់បានស្រួល៖
ផឹកតែខ្ញីមួយពែងនឹងធ្វើឱ្យអាស៊ីដរ៉ែសកម្មឡើងហើយបន្ទាប់មកធ្វើឱ្យល្អប្រសើរការចរាចរឈាមក្នុងរាងកាយ។ ពិតណាស់ការចរាចរឈាមត្រូវបានបង្កើននោះ លំហូរឈាមទៅផ្នែកផ្សេងៗក្នុងរាងកាយក៏កាន់តែល្អជាងមុនដែរ។
១. ជួយឱ្យល្អប្រសើរនូវបញ្ហាប្រព័ន្ធផ្លូវដង្ហើម៖
អ្នកដែលមានបញ្ហាឆ្អឹងច្រមុះធ្ងន់ធ្ងរអាចនឹងមានស្លេស្ម៍ពូនផ្តុំគ្នានៅក្នុងសួតនាំឱ្យពិបាកក្នុងការដកដង្ហើម។ ដូច្នេះការទទួលទានតែខ្ញីមួយពែងអាចជួយរំលាយដុំស្លេស្ម៍ធ្វើឱ្យអ្នកដកដង្ហើមបានស្រួល។
ទាំងអស់នេះគឺជាអត្ថប្រយោជន៏យ៉ាងច្រើនរបស់ខ្ញីចំពោះសុខភាពរបស់អ្នក។ កុំភ្លេចឧស្សាទទួលទានមើមខ្ញីទាំងអស់គ្នាណា៕
ដោយ៖ អាពេជ្រ