(Reuters)៖ ក្រុមហ៊ុនGoogle នឹងបោះទុនវិនិយោគជាទឹកប្រាក់ចំនួន ៧ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់ការិយាល័យ និងមជ្ឈមណ្ឌលប្រមូលនិងរក្សាទិន្នន័យនៅទូទាំងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ ហើយនឹងបង្កើតពេញម៉ោងថ្មីចំនួន ១០ ០០០ កន្លែង ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) នៅថ្ងៃសុក្រទី ១៩ ខែមីនា ឆ្នាំ ២០២១ ។
ការវិនិយោគចុងក្រោយបំផុតនេះរួមបញ្ជូលទាំងផែនការពង្រីកមជ្ឈមណ្ឌលទិន្នន័យនៅរដ្ឋNebraska, រដ្ឋSouth Carolina និងរដ្ឋតិចសាស់ និងការិយាល័យជាច្រើនកន្លែងនៅទីក្រុង Altanta រដ្ឋធានីវ៉ាស៊ីនតោន Chicago និងញូវយ៉ក ។
ក្រុមហ៊ុនGoogleក៏នឹងវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារនៅរដ្ឋកាលីហ្វ័រញ៉ាផងដែរ ។ ចំណាត់ការនេះកើតឡើងចំពេលដែលក្រុមហ៊ុនជាច្រើនកំពុងនាំគ្នាចាកចេញពីតំបន់Silicon Valley បន្ទាប់ពីជំងឺកូវីដ១៩ រាតត្បាតនិងបង្កឱ្យមានការផ្លាស់ប្តូរកាន់តែធំទៅរកការធ្វើការពីចម្ងាយ ដែលធ្វើឱ្យក្រុមហ៊ុនពិចារណាលើតម្លៃប្រតិបត្តិខ្ពស់ជាងមុនរបស់រដ្ឋនិងការបង់ពន្ធកាន់តែច្រើន ។
លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុនGoogleបានថ្លែងថា ការវិនិយោគនេះបង្កើតការងារពេញម៉ោងថ្មីយ៉ាងហោចណាស់១ ម៉ឺនកន្លែង ។ បច្ចុប្បន្ននេះក្រុមហ៊ុនGoogle មានបុគ្គលិកបម្រើការងារជាង ៨៤ ០០០ នាក់នៅសហរដ្ឋអាមេរិក ។
លោក Sundar Pichai បានបន្ថែមថា ក្នុងឆ្នាំ ២០២០ សេវាកម្មរបស់ក្រុមហ៊ុន Google បានចួលរួមចំណែកនូវទឹកប្រាក់ចំនួន ៤២៦ ពាន់លានដុល្លារអាមេរិកក្នុងសកម្មភាពសេដ្ឋសហរដ្ឋអាមេរិក ។
ដោយ៖ បូ សល់