កំពង់ឆ្នាំង ៖ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង រួម ជាមួយមន្រ្តីអាជ្ញាធរភូមិ សង្កាត់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះតាមចំណតរថយន្ត នានាក្នុងក្រុង ដើម្បីផ្សព្វផ្សាយដល់ម្ចាស់ររថយន្ត និងអ្នកដំណើរ អប់រំអំពីអនាម័យនានាដើម្បីទប់ស្កាត់ ការីករាលដាលនៃជំងឺកូវីដ-១៩។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ដល់ម្ចាស់រថយន្តឈ្នួលដឹកអ្នកដំណើរ និង អ្នកធ្វើដំណើរ ក្នុងរថយន្ត ឲ្យបន្តយកចិត្តទុកដាក់អំពីសុវត្ថិភាពអនាម័យ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ជម្ងឺកូវីដ-១៩ ព្រោះថាបច្ចុប្បន្ននេះនៅលើសាកលលោកនៅតែបន្តកើតឡើងនិងររីករាលដាលជាខ្លាំងបង្ករឲ្យមនុស្សឈឺនិងស្លាប់ផងដែរ ។ ហើយកម្ពុជាក៍កំពុងទទួលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះដែរ។ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ម្ចាស់រថយន្តរថយន្តត្រូវមានអាល់កុល និង ម៉ាស់ជាប្រចាំនៅក្នុងរថយន្ត និង ណែនាំបន្តដល់អ្នកធ្វើដំណើរពាក់ម៉ាស់និងលាងដៃឲ្យបានញឹកញាប់ ។
លោកអភិបាលក្រុង បានឲ្យដឹងថា ប្រសិនបើមានអ្នកចំងាយមកពីក្នុងស្រុកនិងក្រៅស្រុក ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវរាការណ៍មកអាជ្ញាធររបស់ខ្លួន ព្រមទាំងរៀបចំខ្លួនដាក់ដាច់ដោយឡែក ហើយប្រសិនបើមានការសង្ស័យថា មានជំងឺកូវីដ-១៩នេះត្រូវរាយការណ៍មកអាជ្ញាធរឬគ្រូពេទ្យដែលនៅជិត ដើម្បីជួយសង្រ្គោះបានទាន់ពេលវេលា។
លោកអភិបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា កន្លងមកនេះ អាជ្ញាធរក្រុងបានចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះគ្រប់ភូមិនិងសង្កាត់ទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង ។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងឲ្យចូលរួមអនុវត្តនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាលជាប្រចាំដើម្បីចៀសផុតជំងឺមួយនេះ ដោយធ្វើការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព មិនត្រូវប្រមូលផ្តុំគ្នា បើមិនចាំបាច់មិនត្រូវចេញក្រៅនោះទេ ហើយក៍ត្រូវសំអាតបរិស្ថានជុំវិញផ្ទះឲ្យបានល្អ ។
ដោយ៖ បូ សល់