កាលពីថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលរងខេត្តព្រះសីហនុ លោកអភិបាលក្រុងព្រះសីហនុ និងមន្ទីរ អង្គភាពជំនាញ អញ្ជើញសាកសួរសុខទុក្ខ និងធ្វើការសំណេះសំណាល ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ប្រជាការពារបុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរ ចំនួន១៣៥នាក់ ស្ថិតនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានរាយការណ៍ថា ការងារកាយសំអាតគល់ឈើ និងកាត់ដើមឈើងាប់ ព្រមទាំងកាយសម្អាតថ្មនៅបណ្ដោយឆ្នេរអូរត្រេះ១ អូរត្រេះ២ និងឆ្នេរអូរឈើទាល២ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានរយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២១ សម្រេចបានដូចជា:
-ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ កាយសំអាតគល់ឈើ និងកាប់ដើមឈើងាប់ ព្រមទាំងកាយសម្អាតដុំថ្មនៅឆ្នេរអូរត្រេះ១ បានចំនួន១៥ឡាន ស្មើនឹង១៨០តោន។
-ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កាយសំអាតគល់ឈើ និងកាប់ដើមឈើងាប់ ព្រមទាំងកាយសម្អាតដុំថ្មនៅឆ្នេរអូរត្រេះ១ បានចំនួន ១០ឡាន ស្មើនឹង ១២០តោន។
-ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១កាយសំអាត គល់ឈើ និងកាប់ដើមឈើងាប់ ព្រមទាំងកាយសម្អាតដុំថ្មនៅឆ្នេរអូរត្រេះ១ និងឆ្នេរអូត្រេះ២ បានចំនួន ៤ឡាន ស្មើនឹង ៤៨តោន។
-ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កាយសំអាតគល់ឈើ និងកាប់ដើមឈើងាប់ ព្រមទាំងកាយសម្អាតដុំថ្មនៅឆ្នេរអូរត្រេះ១ បានចំនួន ២ឡាន ស្មើនឹង ២៤តោន។
-ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ កាយសំអាតគល់ឈើ និងកាប់ដើមឈើងាប់ ព្រមទាំងកាយសម្អាតដុំថ្មនៅឆ្នេរអូរឈើទាល២ ចំនួន១១ឡានស្មើនឹង១៣២តោន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរអស់លោក លោកស្រីមានការពាក់ព័ន្ធបានចូលរួមសម្អាតឆ្នេររយៈពេល ៥ថ្ងៃ ប្រមូលសំរាមដឹកចេញបានជាង ៥០០តោន ក្នុងស្មារតីទទួលខុសត្រូវជាអ្នកមើលថែទាំសំអាតឆ្នេរឱ្យមានភាពស្រស់ស្អាត ។ នេះក៏មិនមែនជាលើកដំបូងដែលយើងចាប់ផ្ដើមសម្អាតឆ្នេរដែរ កាលពីមុននៅតំបន់នេះមានការលំបាកដោយសារមានសំរាម និងផលប៉ះពាល់ជាច្រើន ដែលមិនមានលំហរសាធារណៈ យើងបានរួមគ្នាប្រឹងប្រែង ដើម្បីរៀបចំកែលម្អបន្តិចម្ដងៗរហូតក្លាយ ជាលំហសាធារណៈមានឆ្នេរ មានកន្លែងដើរកម្សាន្ត ទោះបីថ្ងៃនេះយើងបានដឹកសំរាមចេញ មានគល់ឈើ ដើមឈើងាប់ និងដុំថ្មជាង ៥០០តោនក៏ដោយ ក៏សំរាមនៅមិនទាន់អស់ទេ ម្យ៉ាងទៀតភាពស្អាតដែលយើងមើលឃើញថ្ងៃនេះទទួលយកបាន ក៏ប៉ុន្តែនៅពេលខាងមុខយើងនឹងបន្តកែលម្អឱ្យមានភាពស្រស់ស្អាតបន្ថែមទៀត ដើម្បីធានាថា អ្នកទេសចរទាំងឡាយមកកម្សាន្តនៅទីនេះមិនរំខានដោយសារដុំថ្ម កំទេចឈើ ឬសំរាម ហើយនៅមានកិច្ចការជាច្រើនទៀតដែលយើងត្រូវរួមគ្នាធ្វើបន្តទៅទៀត ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បន្តទៀតថា រដ្ឋបាលខេត្តបានណែនាំឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បណ្ដុះកូនស្ងាវ ដើម្បីយកមកដាំដុះនៅតាមបណ្តោយឆ្នេរ នៅខែ៤ ឬខែ៥ខាងមុខ ព្រោះដើមស្ងាវវាសកសម្យដុះនៅតាមឆ្នេរសមុទ្រ ផ្តល់នូវសោភ័ណភាព ភាពមនោរម្យ និងផាសុភាពទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន នាំយកថវិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ផ្តល់ជូនប្រជាការពារ បុគ្គលិកសំអាតអនាម័យឆ្នេរ ឆ្នាំឆ្នេរ និងបុគ្គលិកក្រុមហ៊ុន ពិស្ណុការ ចំនួន ១៣៧នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០០,០០០រៀល ៕
ដោយ៖ បូ សល់