(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងគ្រោងរៀបចំ សហគមន៍ទេសចរណ៍ធម្មជាតិ នៅតំបន់សំខាន់ៗមួយចំនួន ក្នុងឃុំអូរសោម ស្រុកវាលវែង ដែលទីតាំងទាំងអស់នោះ អាចនឹងលើកកម្ពស់កំណើនជីវភាពប្រជាសហគមន៍ ក៏ដូចជាកាត់បន្ថយការធ្វើចំណាកស្រុក និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុកទាំងឡាយទាំងពួង។
ឯកឧត្តមបានរំពឹងទុកថា ប្រសិនជាបងប្អូនយើង មិនចូលរួមការពារថែរក្សាព្រៃធម្មជាតិ ដែលជាមរតកដូនតានៅតំបន់អេកូទេសចរណ៍សំខាន់ៗមួយចំនួនទេនោះ បងប្អូនមានតែខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ រហូតដល់កូនចៅយើងជំនាន់ក្រោយៗទៀត។ វាប្រាកដណាស់ថា តំបន់អូរសោម គឺពិតជាមានសក្តានុពលខ្ពស់ ព្រោះថាទីតាំងនេះមានអាកាសធាតុត្រជាក់ មានជ្រលងភ្នំបុព្វតា មានព្រៃឈើ និងមានទឹកធ្លាក់ ក៏ដូចជាមានផ្ទៃសមុទ្រទឹកសាប ដែលអាចទាញយកថាមពលអគ្គិសនីបាន ហើយបើប្រៀបធៀបនឹងផ្ទៃប្រទេសទាំងមូល ប្រហែលជាមិនអាចប្រៀបស្នើនោះទេ។ ដូច្នេះហើយ ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរម្នាក់ សូមចូលរួមថែរក្សាព្រៃធម្មជាតិ ក៏ដូចជាចូលរួមសហការអភិរក្ស បង្ការ និងទប់ស្តាត់ ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុកទាំងឡាយទាំងពួង ដើម្បីបានផ្តល់ជាអត្ថប្រយោជន៍ជូនប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងឃុំអូរសោមនេះផ្ទាល់តែម្តង។
ក្នុងបេសកកម្មរយៈពេលកន្លងមកនេះ ឯកឧត្តម ម៉ៅ ធនិន បានចាប់អារម្មណ៍ខ្ពស់ ចំពោះទីតាំងទឹកធ្លាក់ធម្មជាតិឆាយរកា, ចំណុចបឹងស្លា, វាលតារាងយន្តហោះ ជាប់នឹងបឹងក្រពើភ្នំ, ក្បាលអូរសោម និងតំបន់មួយចំនួនជាប់នឹងផ្ទៃទឹកបាតអាងវ៉ារីអគ្គិសនី៕
ដោយ៖ បូ សល់