(MSN)៖ ក្មេងប្រុសជំទង់ម្នាក់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិកដែលបានសារភាពទទួលកំហុសខ្លួនពិតជាបានសម្លាប់ម្តាយបង្កើតខ្លួនឯង ហើយបានសាកសពគាត់ទៅកប់ចោលក្នុងរណ្តៅភើ្លងនៅព្រះវិហារគ្រិស្តសាសនាមួយ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤៥ ឆ្នាំ ។ នេះបើយោងតាមMSN បានចុះផ្សាយនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១នេះ ។
យុវជន Gregory Ramos កាលពីខែបានសារភាពទទួលកំហុសលើបទល្មើសឃាតកម្ម ការបំផ្លាញសាក និងបំបាត់ភស្តុតាង ។ កាលពីថ្ងៃសុក្រទី ២២ ខែមករានេះ តុលាការបានកាត់ក្តីផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៤៥ ឆ្នាំ ។


ឆ្នាំនេះ Ramos មានអាយុ ១៧ឆ្នាំ ។ តែពេលដែលគេមានជម្លោះជាមួយម្តាយពីនិទ្ទេសលដែលគេបានបានសាលា ដែលឈានដល់ឃាតកម្មសម្លាប់ម្តាយខ្លួនឯងនៅឆ្នាំ២០១៨នោះ គេទើបតែមានអាយុ១៥ប៉ុណ្ណោះ ។
ជនល្មើសបានសារភាពថា គេបានច្របាច់កសម្លាប់អ្នកស្រី Gail Cleavenger ម្តាយបង្កើតរបស់ខ្លួន ហើយក្រោយមកបានហៅទូរសព្ទទៅមិត្តភក្តិ២នាក់ឱ្យមកជួយយកសាកសពទៅកបចោល ហើយបំបែរសាច់រឿងថាមានចោរកម្មនៅផ្ទះខ្លួន ។
នៅក្នុងអង្គសវនាការតុលាការ មេធាវីការពារក្តីបានថ្លែងប្រាប់អង្គចៅក្រមថា កូនក្តីរបសើលោកពិតជាមានវិប្បដិសារីខ្លាំងណាស់ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មនេះ ហើយគេនិងព្យាយាមកែប្រែខ្លួនឱ្យបានល្អក្នុងពន្ធនាគារ ។


លោក Matthew Phillips មេធាវីការពារក្តីឱ្យចុងចោទ បានថ្លែងបា្រប់តុលាការថា “កូនក្តីរបស់ខ្ញុំពិតជាមានការសោកស្តាយ និងមានវិប្បដិសារីចំពោះកំហុសដែលខ្លួនបានធ្វើ ហើយគេកំពុងតែព្យាយាមកែខ្លួន។ ពេលគេនៅក្នុងពន្ធនាគារ គេនឹងប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៨ Ramosបានខលទៅលេខ៩១១ ហៅក្រុមសង្រ្គោះបន្ទាន់ឱ្យមកផ្ទះខ្លួន ។ ពេលក្រុមសង្គ្រោះបន្ទាន់ទៅដល់ គេបានប្រាប់ថា គេទើបតែមកពីសាលា ហើយស្រាប់ឃើញថាផ្ទះរបស់គេត្រូវចោរប្លន់ ។ គេបានប្រាប់ទឿតថាម្តាយគេបានបាត់ខ្លួនហើយ ។
តែក្រោយពីការប៉ូលិសតាមដានស៊ើបអង្កេតស៊ីជម្រៅថែមទៀត Ramos បានប្តូរសាច់រឿងថា ខ្លួនគេនិងម្តាយបានឈ្លោះប្រកែកគ្នាពីនិទ្ទេសD ដែលគេទទួលបានពីសាលា ។ ពេលឈ្លោះគ្នាខ្លាំង គេក៏បានច្របាប់សម្លាប់ម្តាយតែម្តងទៅ ។ ជនល្មើសបានប្រាប់ថា គេប្រើពេល ៣០ នាទីទើបសម្លាប់ម្តាយបាន ។ បន្ទាប់ពីសម្លាប់ម្តាយហើយ គេបានខលហៅមិត្តភក្តិនាក់ឱ្យមកជួយយកសាកសពទៅកប់ចោលដើម្បីលាក់បាំងអំពើឃាតកម្មរបស់ខ្លួន ។
អំឡុងពេលសវនាការ Ramos មានអារម្មណ៍ក្តុកក្តួលខ្លាំង គេបានប្រាប់សាច់ញាតិដែលចូលរួមស្តាប់ការកាត់ក្តីថា គេសោកស្តាយណាស់ដែលបានធ្វើកំហុសដ៏ធំនោះ ។

ដោយ៖ បូ សល់