(Reuters)៖ ប្រទេសហ្គីណេនៅថ្ងៃអាទិត្យទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានប្រកាសពីការផ្ទុះឡើងនៃមេរោគអេបូឡា នៅពេលដែលការតេស្តបង្ហាញថាមេរោគនេះបានកើតឡើងវិញ បន្ទាប់ពីមនុស្ស៣នាក់បានស្លាប់ និង៤នាក់ទៀតធ្លាក់ខ្លួននៅភាគអាគ្នេយ៍នៃប្រទេស ។ ការលេចឡើងជាថ្មីនៃជំងឺនៅទីនោះជាករណីឡើងដំបូងចាប់តាំងពីការផ្ទុះឡើងដ៏អាក្រក់បំផុតនៅលើពិភពលោកនៅចន្លោះឆ្នាំ ២០១៣ ដល់ ២០១៦ ។
អ្នកជំងឺធ្លាក់ខ្លួនឈឺដោយរាក ក្អួត និងហូរឈាម បន្ទាប់ពីចូលរួមពិធីបញ្ចុះសពមួយនៅអនុតំបន់Goueke ។ ក្រសួងសុខាភិបាលបានថ្លែងថា អ្នកដែលនៅមានជីវិតកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅមជ្ឈមណ្ឌលថែទាំសុខភាព ។
ក្រសួងសុខាភិបាលហ្គីណេបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយប្រឈមនឹងស្ថានភាពនេះ និងស្របតាមបទបញ្ជាសុខភាពអន្តរជាតិ រដ្ឋាភិបាលហ្គីណេប្រកាសពីការរីករាលដាលនៃជំងឺអេបូឡា ។»
សពដែលត្រូវបានបញ្ចុះកាលពីថ្ងៃទី០១ ខែកុម្ភៈ កាលនៅរស់គឺជាគិលានុប្បដ្ឋាយិការម្នាក់ដែលធ្វើការនៅមណ្ឌលសុខភាពមូលដ្ឋានមួយ ហើយបានស្លាប់បន្ទាប់ពីត្រូវបញ្ជូនទៅព្យាបាលនៅក្រុងNzerekore នៅជិតព្រំដែនលីបេរីយ៉ា និងប្រទេសកូតឌីវ័រ ។
ការផ្ទុះឡើងនៃជំងឺអេបូឡាក្នុងចន្លោះឆ្នាំ ២០១៣ ដល់ ២០១៦ នៅទ្វីបអាហ្រ្វិកនៅក្រុងNzerekoreបានសម្លាប់មនុស្សយ៉ាចតិច ១១ ៣០០ នាក់ ដែលភាគច្រើននៅប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន ។
ការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡាលើកនេះនឹងដាក់សម្ពាធបន្ថែមលើសេវាកម្មសុខភាពនៅក្នុងប្រទេសហ្គីណេ ខណៈដែលពួកគេកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានការឆ្លងចំនួន ១៤ ៨៩៥ ករណី និងមានអ្នកស្លាប់៨៤នាក់ ។
វីរុសអេបូឡាបង្កឱ្យក្អួតនិងរាករូសខ្លាំង ហើយជំងឺនេះឆ្លងតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវក្នុងខ្លួនមនុស្ស ។ ជំងឺនេះមានអត្រាស្លាប់ខ្ពស់ជាងជំងឺកូវីដឆ្ងាយណាស់ ។
ក្រសួងសុខាភិបានហ្គីណេបានថ្លែងថា «បុគ្គលិកសុខាភិបាលកំពុងប្រឹងប្រែងតាមដានស្ថានភាពជំងឺ និងដាក់អ្នកដែលបានប៉ះពាល់អ្នកកើតជំងឺអេបូឡាឱ្យនៅដាច់ដោយឡែកពីគេ ។»
ក្រសួងដដែលក៏បានស្នើសុំវ៉ាក់សាំងប្រឆាំងជំងឺអេបូឡាពីអង្គការសុខភាពពិភពលោក ។
លោកMatshidiso Moeti នាយកអង្គការសុខភាពពិភពលោកប្រចាំទ្វីបអាហ្វ្រិកបាននិយាយថា «វាជាក្តីបារម្ភដ៏ធំដែលយើងឃើញការផ្ទុះឡើងជាថ្មីនៃជំងឺអេបូឡានៅហ្គីណេ ដែលប្រទេសមួយបានរងគ្រោះច្រើនមកហើយដោយសារជំងឺនេះ ។»
ដោយ៖ បូ សល់