ក្នុងរយៈពេលដ៏ខ្លីមួយយើងបានអភិវឌ្ឍន៍សេវាសុខភាពផ្លូវចិត្តចេញពីដៃទទេ និងបានបណ្តុះបណ្តាលបុគ្គលិកបំរើការផ្នែកនេះមួយចំនួនទៀត។ គឺចាប់ពីឆ្នាំ១៩៩៤ ដែលរចនាសម្ព័ន្ធផ្នែកសុខភាពផ្លូវចិត្ត បានចាប់ផ្តើមកសាងឡើងវិញដោយការបើកអោយដំណើរការផ្នែកពិគ្រោះជំងឺផ្លូវចិត្តទីមួយនៅមន្ទីរពេទ្យព្រះបាទនរោត្តមសីហនុ។ សព្វថ្ងៃនេះមានសេវាសុខភាពផ្លូវចិត្តជាច្រើននៅក្នុងខេត្តចំនួន១០ ដែលបានបង្កើតឡើងដោយក្រសួងសុខាភិបាលសហការជាមួយអង្គការក្រៅរដ្ឋាភិបាលនានា។ ប៉ុន្តែសេវាកម្មទាំងនោះនៅមានកំរិតដោយហេតុថានៅក្នុងតំបន់ខ្លះមានផ្នែកពិគ្រោះជំងឺផ្លូវចិត្តតែមួយកន្លែង។ ដោយសារមូលហេតុនៃផ្លូវឆ្ងាយ បញ្ហាផ្លូវថ្នល់មិនល្អ ការខ្វះខាតធនធានថវិការ អ្នកជំងឺជាច្រើននាក់ដែលរស់នៅឆ្ងាយមិនអាចទៅទទួលការពិនិត្យព្យាបាលបានឡើយ។
ជាអកុសល នៅប្រទេសយើងសព្វថ្ងៃនេះនៅមិនទាន់មានផ្នែកសំរាកព្យាបាលជំងឺផ្លូវចិត្តក្នុងមន្ទីរពេទ្យសាធារណៈនៅឡើយទេ។
មានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានកំពុងសហការណ៍យ៉ាងសកម្មជាមួយក្រសួងសុខាភិបាលក្នុងការបង្កើតនិងអភិវឌ្ឍន៍សេវាសុខភាពផ្លូវចិត្តនៅតាមតំបន់ផ្សេងៗក្នុងប្រទេស។ មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារផ្តល់នូវសេវាសុខភាពផ្លូវចិត្តដល់កុមារនៅមន្ទីរពេទ្យជ័យជំនះដែលជាអតីតមន្ទីរពេទ្យជំងឺផ្លូវចិត្តនៅតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌលនេះផ្តល់តែសុខភាពផ្លូវចិត្តឯកទេសមួយចំនួនដល់កុមារក្នុងទូទាំងប្រទេស ហើយនឹងពង្រីកសកម្មភាពនៅតាមខេត្តផ្សេងទៀត។
អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) កំពុងធ្វើសកម្មភាពនៅក្នុងខេត្ត បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ ពោធិ៍សាត់ និងក្រុងភ្នំពេញ។ អង្គការ TPO បានសហការណ៍ជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរសុខាភិបាលខេត្តមួយចំនួនក្នុងការបង្កើតផ្នែក ពិគ្រោះជំងឺផ្លូវចិត្តជាច្រើននៅតាមខេត្តទាំងនេះ។ តាមរយៈការចុះពិនិត្យ ការងារតាមសហគមន៍ពួកគេបានជួបអ្នកដែលត្រូវ ទទួលការព្យាបាលនិងត្រូវបញ្ជូនទៅផ្នែកពិគ្រោះជំងឺផ្លូវចិត្ត។ អង្គការ TPO បានបន្តធ្វើការងារជាមួយអ្នកភូមិដោយផ្តល់ការបណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តសុខភាពភូមិ ឬគណៈកម្មការអភិវឌ្ឍន៍ភូមិ ឬគណៈកម្មការផ្តល់ព័ត៌មានត្រឡប់ ព្រះសង្ឃ អាចារ្យ ឆ្មបបុរាណ និងធនធានមនុស្សសំខាន់ៗដទៃទៀតក្នុងសហគមន៍និងអ្នកផ្សេងៗទៀតដែលទាក់ទងក្នុងបញ្ហាសុខភាពផ្លូវចិត្ត និងបង្កើតក្រុមជួយខ្លួនឯងក្នុងភូមិមួយចំនួន។ បុគ្គលិកអង្គការ TPO ក៏ផ្តល់ការប្រឹក្សារនិងបង្រៀនអំពីបច្ចេកទេសកាត់បន្ថយភាពតានតឹងចិត្ត។
អង្គការសេវាសង្គមកម្ពុជា (SSC) ជាអង្គការដែលចូលរួមក្នុងការផ្តល់ជំនួយសង្គមកិច្ចក៏បានដាក់បញ្ចូលកម្មវិធីសុខភាពផ្លូវចិត្តទៅក្នុងការងាររបស់ពួកគេក្នុងសហគមន៍ជាមួយបុគ្គលិកសេវាសង្គមមួយចំនួន។
ទាក់ទងនឹងធនធានមនុស្ស បច្ចុប្បន្ននេះយើងមានអ្នកឯកទេសជំងឺផ្លូវចិត្តម្នាក់សំរាប់ប្រជាជនចំនួន៦,២៥០,០០០នាក់ ដែលចំនួននេះជាចំនួនមួយនៅទាបយ៉ាងខ្លាំងនៅឡើយ។
ថ្ងៃអនាគត
កាតព្វកិច្ចដ៏ធំមួយកំពុងនៅពីមុខយើងទាំងអស់គ្នាគឺការអភិវឌ្ឍន៍សេវាសុខភាពផ្លូវចិត្ត ដើម្បីឆ្លើយតបទៅនឹងតំរូវការចាំបាច់របស់ប្រជាជន។
យើងគិតឃើញថាមានប្រជាជនប្រមាណពី ១៥ទៅ៣០% ដែលមកពិគ្រោះជំងឺនៅផ្នែកសេវាសុខភាពបឋម មិនមានជំងឺផ្លូវកាយទេ តែដោយសារបញ្ហាផ្លូវចិត្តទៅវិញ។ យុទ្ធសាស្ត្រចំបងមួយរបស់យើងគឺត្រូវដាក់បញ្ចូលសេវាសុខភាពផ្លូវចិត្តទៅក្នុងការថែទាំសុខភាពបឋម ឧទាហរណ៍ ទៅក្នុងមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក។ យើងត្រូវតែពង្រីកសេវាបច្ចុប្បន្ននេះទៅដល់ខេត្តទាំងអស់ក្នុងប្រទេស និងទៅក្នុងសហគមន៍ និងត្រូវបណ្តុះបណ្តាលបុគ្គលិកជំនាញចាំបាច់សំរាប់ការងារនេះ។ យើងក៏ត្រូវផ្តល់គ្រែសំរាកព្យាបាលដល់អ្នកជំងឺធ្ងន់ធ្ងរដែលអាចបង្ករគ្រោះថ្នាក់ចំពោះខ្លួនឯងនិងអ្នកដទៃ។
ក្បួនច្បាប់ និងបទបញ្ជាត្រូវតែបង្កើតឱ្យមានឡើង។ យើងត្រូវខិតខំប្រឹងប្រែង លើកកំពស់ការថែទាំសុខភាពផ្លូវចិត្ត លើកកំពស់ការយល់ដឹងអំពីបញ្ហាសំខាន់នេះ លើកទឹកចិត្តប្រជាជន ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែទាំសុខភាពផ្លូវចិត្ត និងសកម្មភាពបង្ការ។
ប្រទេសកម្ពុជាយើងជាប្រទេសក្រីក្រ ដែលយើងមិនមានលទ្ធភាពបង្កើតឱ្យមានប្រព័ន្ធសុខភាពផ្លូវចិត្តសាធារណៈដែលមានលក្ខណៈជឿនលឿនដូចបស្ចឹមប្រទេស។ យើងត្រូវពឹងផ្អែកលើកម្លាំងខ្លួនឯង ដូច្នេះក្រុមគ្រួសារនិងសហគមន៍នឹងត្រូវដើរតួយ៉ាងសំខាន់ក្នុងការឧបត្ថម្ភគាំទ្រដល់អ្នកជំងឺផ្លូវចិត្ត។
យើងគួរផ្តល់អាទិភាពសេវានេះទៅលើការថែទំងសុខភាពផ្លូវចិត្តមូលដ្ឋានដែលងាយស្រួលក្នុងការបង្កើតហើយត្រូវការពេលវេលានិងប្រាក់កាសតិច។ ជាការពិតណាស់ សេវាសុខភាពផ្លូវចិត្តល្អទំនើបនឹងត្រូវបានដាក់បញ្ចូលក្នុងសំណុំសកម្មភាពបង្គ្រប់ផងដែរ។
ដោយ៖ លី ហួ