ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលហាង Hidden Coffee ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ចន្លោះម៉ោង១៥៖៣០នាទី ដល់១៦៖០០នាទីរសៀល ទៅធ្វើតេស្តរកកូវីដ១៩ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួន ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ឲ្យបានហ្មត់ចត់ជាទីបំផុត។
ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានបុរសជាអ្នកជំងឺកូវីដ-១៩ ម្នាក់ (មុនពេលរកឃើញថាមានជំងឺកូវីដ-១៩) ធ្លាប់បានទៅអង្គុយពិសារកាហ្វេនៅហាង Hidden Coffee នេះ។
សូមជម្រាបដែរថា អ្នកជំងឺកូវីដ១៩ ដែលបានរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្រី១៩នាក់ និងប្រុស២២នាក់) ក្នុងនោះអ្នកជាសះស្បើយមានចំនួន ០៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៣៣នាក់៕
អត្ថបទ៖ ស្រេង ចំរើន