ព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅក្នុងបរិវេនសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ជូនអង្គពិធីថា វិស័យអប់រំនៅខេត្តព្រះសីហនុ ដើរលើផ្លូវមួយប្រកបដោយមោទនភាព និងបង្កឱកាសឱ្យកុមារទទួលបានការសិក្សាក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានបញ្ញាញាណឈ្លាសវៃ លើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០ ចូលរួមអភិវឌ្ឍប្រទេសជាតិ ។
លោកស្រីប្រធានមន្ទីរអប់រំបានបន្តថា សាលារៀនខេត្តព្រះសីហនុ មានចំនួន ១០១សាលា ក្នុងនោះ មត្តេយ្យដាច់ដោយឡែកមាន ០១សាលា បឋមសិក្សាចំនួន៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ ០៩ សាលាគរុកោសល្យ និងវិក្រឹតការ ០១កន្លែង ។
កន្លងមកលោកគ្រូ អ្នកគ្រូរបស់យើងបានខិតខំចុះទៅតាមគោលដៅក្នុងសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានសិក្សាតាមរយៈការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូនៅគ្រប់កម្រិតសិក្សា ម្យ៉ាងទៀតមានការចូលរួមពីមាតា បិតាជម្រុញកូនចៅចូលរួមសិក្សាតាមប្រពន្ធអនឡាញ យើងជំនះបានជាបន្តបន្ទាប់។ ថ្វីត្បិតតែយើងត្រូវរក្សាគម្លាតដែលតម្រូវសាលមួយចំនួនត្រូវចែកវេនសិក្សា និងធ្វើស្វ័យសិក្សាតាមប្រពន្ធអនឡាញ ឬតាមប្រពន្ធឌីជីធល ដើម្បីអភិវឌ្ឍន៍សមត្ថមភាពប្រកបដោយគុណវុឌ្ឍ។ មន្ទីរអប់រំត្រូវរៀបចំផែនការ និងសកម្មភាពនៃការប្រែប្រួលដោយសារកូវីដ-១៩ ហើយថ្ងៃនេះជាការចាប់ផ្ដើមបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមបរិបទថ្មី ដោយបង្កើនសមត្ថភាពលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រាប់អនាគតប្រទេសជាតិ។
ដោយ៖ បូ សល់