ភ្នំពេញ៖ ករណីរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ជាករណីធ្ងន់ធ្ងរ ព្រោះស្ត្រីម្នាក់នេះមិនមែនជាអ្នកដំណើរ គឺជាអ្នកនៅក្នុងស្រុក ជាជំទាវរបស់អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ ជាសេចក្តីថ្លែងការរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ។
លោកស្រី យក់ សម្បត្តិបានថ្លែងបន្តទៀតថា ស្រ្តីខ្មែរម្នាក់នេះ គាត់បានចេញរោគសញ្ញា១០ថ្ងៃហើយ ដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ កាលពីថ្ងៃសៅរ៍មុនគាត់បានទៅញាំអាហារនៅផ្សារអ៊ីអន១ ហើយគាត់បានឡើងចុះខេត្តសៀមរាបទៀតផង។ ទើបតែដល់ថ្ងៃទី ២៨ វិច្ឆិកានេះ គាត់មានអារម្មណ៍ហត់ខ្លាំងខុសប្រក្រតីដោយឡើងជណ្តើរ៣កាំក៏ហត់ដែរ ហើយចុងក្រោយគាត់ត្រូវបានយកសំណាកទៅធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ សូវៀត ជាលទ្ធផល គឺវិជ្ជមានកូវីដ ១៩។
លោកស្រី យក់ សម្បត្តិ បានថ្លែងថា បច្ចុប្បន្ននេះក្រសួងសុខាភិបាល បានសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ជាពិសេសក្រសួងមហាផ្ទៃមន្ត្រីធំៗមួយចំនួន ដើម្បីយកសំណាកទៅធ្វើតេស្តស្វែងកូវីដ។ជាមួយគ្នាក្រសួងសុខាភិបាល បានត្រៀមក្រុមការងារយ៉ាងច្រើនដើម្បីទប់ស្កាត់ករណីនេះ។
ក្រោយពីទទួលបានព័ត៌មានថា ក្រសួងសុខាភិបាលរកឃើញមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ជាករណីធ្ងន់ធ្ងរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវហាមឃាត់កូនចៅរបស់ខ្លួនកុំចេញក្រៅផ្ទះ និងហាមកុំទៅតំបន់ដែលមានករណីវិជ្ជមានកូវីដ១៩។
ដោយ៖ សម្បតិ្ត