កំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចចេញអនុក្រឹត្យស្ដីពីការបង្កើតតំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ស្ថិតនៅភូមិសាស្ត្រ ឃុំទូកមាសខាងលិច ស្រុកបន្ទាយស្រី ខេត្តកំពត។

តាមរយៈអនុក្រឹត្យលេខ១២ អនក្រ.បក ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន និងបានចែកចាយនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចបងកើតតំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ទំហំ២៥ហិកតា ដែលស្ថិតនៅទីតាំងដូចបានបង្ហាញខាងលើនេះក្នុងគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់មួយនេះ។

ជាមួយគ្នានេះក៏មានបំណងការពារទេសភាពធម្មជាតិ តម្លៃធម្មជាតិសម្រាប់បម្រើដល់ការកម្សាន្ត ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថានធម្មជាតិ និងវប្បធម៌ក្នុងមូលដ្ឋាននោះទេ។ បន្ថែមពីនេះនៅមានផ្តល់ជាសេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណៈជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់៕

អត្ថបទ៖ ស្រេង ចំរើន