ភ្នំពេញ៖ ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង។ ទង់ជាតិនៅក្នុងរបបមុនៗ ក៏ដូចទង់ជាតិនៃរបបយើងបច្ចុប្បន្នសុទ្ធតែមានរូបប្រាសាទអង្គរវត្តទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្សកាលពីសម័យបុរាណ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថាស្គាល់ប្រាសាទអង្គរវត្តទេ នោះទើបគេភ្ញាក់ផ្អើល។
ហើយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។ គិតមកដល់ថ្ងៃទី១៤ ខែធ្នូ ២០២០នេះ មានរយៈពេល២៨ឆ្នាំហើយ។ ម្យ៉ាងវិញទៀត តំបន់អង្គរ មានផ្ទៃដីសរុប ចំនួន៖ ៤០១គីឡូម៉ែត្រក្រឡា ដែលបានបែងចែកជាបីតំបន់ធំៗគឺ៖
ទី១៖ តំបន់កណ្តាល (ផ្ទៃដីសរុប ៣៥១០០ហិកតា)៖ មានប្រាសាទច្រើន ដូចជាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធជាដើម។
ទី២៖ តំបន់ខាងជើង (ផ្ទៃដីសរុប ២០០០ហិកតា)៖ មានប្រាសាទបន្ទាយស្រី។
ទី៣៖ តំបន់ខាងត្បូង ឬហៅថា តំបន់រលួស (ផ្ទៃដីសរុប ៣០០០ហិកតា)៖ មានប្រាសាទបាគង ព្រះគោ លលៃជាដើម។ ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ៖ ១).ប្រាសាទ ២).បរិស្ថាន និង៣).សហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ដល់បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមំា ក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ១ នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។
សូមជម្រាបដែរថា ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ។
តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប៤០១គីឡូម៉ែត្រក្រឡា។ ប្រាសាទអង្គរ គ្រាន់តែជាផ្នែកមួយ ក្នុងចំណោមប្រាសាទជិត១០០ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីប៉ុណ្ណោះ។ ក្រៅពីការផ្ដល់នូវមោទនភាពដ៏ខ្ពង់ខ្ពស់ដល់ជនជាតិខ្មែរ ប្រាសាទអង្គរវត្តក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលបានទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ចូលមកទស្សនាជាច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ ស្រេង ចំរើន