(Reuters)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃអង្គារទី ០៩ ខែមីនា ឆ្នាំ ២០២១បានធ្វើការបដិសេធចំពោះការចោទអំពីកង្វះខាតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នៅក្នុងរដ្ឋដ៏ធំមួយនៅភាគពាយព្យនៃប្រទេស ដោយថ្លែងថារដ្ឋាភិបាលកំពុងបញ្ជូនវ៉ាក់សាំងបន្ថែមទៀតទៅគ្រប់តំបន់ទូទាំងប្រទេសតាមតម្រូវការ និងគម្រូនៃការប្រើប្រាស់ ។
ប្រទេសផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោកមួយនេះបានផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ចំនួន ២៣ លានដូសដល់ប្រជាជនចំនួន ១៧លាននាក់ ដោយល្បឿននៃការចាកកើនឡើងលឿនគួរឱ្យកត់សម្គាល់ចាប់តាំងពីសប្តាហ៍មុនមក បន្ទាប់ពីមនុស្សកាន់តែច្រើនទទួលសិទ្ធិក្នុងការចាក់វ៉ាក់សាំង ។
ហើយនៅពេលដែលតម្រូវការវ៉ាក់សាំងបានកើនឡើងនៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីការចាប់ផ្តើមយឺតយ៉ាវ និងការស្ទាក់ស្ទើរពីសំណាល់ប្រជាជននោះ រដ្ឋរាជស្ថាន(Rajastan) នៅសប្តាហ៍នេះបានក្លាយជារដ្ឋដំបូងគេដែលស្វែងរកការបញ្ជូនវ៉ាក់ទៅបន្ថែមទៀតទៅក្នុងឃ្លាំងរដ្ឋ ។
ប៉ុន្តែក្រសួងសុខាភិបាលសហព័ន្ធបានថ្លែងថា មិនមានការខ្វះខាតវ៉ាក់សាំងនៅក្នុងរដ្ឋរាជស្ថាន ឬកន្លែងផ្សេងទៀតនៅក្នុងប្រទេសទេ ។ ក្រសួងបានបន្ថែមថា រដ្ឋរាជស្ថានដែលមានប្រជាជនប្រហែល ៧០ លាននាក់នៅមានវ៉ាក់សាំងសល់ក្នុងឃ្លាំងចំនួន ១,៤ លានដូសទៀត គិតត្រឹមយប់ថ្ងៃចន្ទ ។
ក្រសួងសុខាភិបាលឥណ្ឌាបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា «ការពិតជាក់ស្តែងគឺថាមិនមានការខ្វះខាតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នៅក្នុងរដ្ឋខាងលើនោះទេនៅពេលបច្ចុប្បន្ននេះ ។ រដ្ឋាភិបាលកំពុងត្រួតពិនិត្យជាទៀងទាត់នូវការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងរដ្ឋទាំងអស់ និងផ្តល់នូវវ៉ាក់សាំងជាច្រើនដូសទៀតតាមតម្រូវការរបស់រដ្ឋនីមួយៗ ។»
ប្រទេសឥណ្ឌា ដែលមានគម្រោងចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបាន ៣០០ លាននាក់នៃប្រជាជនសរុបចំនួន ១,៣៥ ពាន់លាននាក់មុនបំណាច់ខែសីហា ឆ្នាំ ២០២១ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីពាក់កណ្តាលខែមករាដោយប្រើវ៉ាក់សាំងAstraZeneca និងវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនក្ន្ងងស្រុកឈ្មោះ Bharat Biotech ។
ប្រទេសឥណ្ឌាកំពុងតែបរិច្ចាគ ឬលក់វ៉ាក់សាំងរបស់ខ្លួនដល់ប្រទេសជាង៣០ដែលធ្វើឱ្យមានការរិះគន់ចំពោះការមិនពង្រីកយុទ្ធនាការចាក់វ៉ាក់សាំងបន្ថែមទៀតដោយខ្លួនឯង ។
បន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌាបានរាយការណ៍ថា មានការឆ្លងជំងឺកូវីដច្រើនជាងគេបំផុតដែលកើនឡើង ១៣ ៣៨៨ ករណីនៅថ្ងៃអង្គារនេះ ដែលឱ្យមានចំនួនអ្នកឆ្លងសរុបដល់ ១១, ២៤លាននាក់ ។ ចំនួនអ្នកស្លាប់បានកើនឡើង៧៧នាក់ដែលជាចំនួនទាបបំផុតក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ដោយចំនួនអ្នកស្លាប់សរុបកើនដល់ ១៥៧ ៩៣០ នាក់ ។
ដោយ៖ បូ សល់