ហ្សាការតា(CNN)៖នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១នេះ CNN បានឱ្យដឹងថា ក្រុមអ្នករុករកឥណ្ឌូនេស៊ីបានប្រទះឃើញប្រអប់ខ្មៅមួយរបស់យន្តហោះ Sriwijaya ដែលបានធ្លាក់នៅសមុទ្រជ្វា និងបានសម្លាប់មនុស្សចំនួន ៦២នាក់ ។ ប្រអប់ខ្មៅនេះជាវត្ថុដែលសំខាន់ដែលអាចអ្នកស៊ើបអង្កេតដឹងពីមូលហេតុនៃការធ្លាក់យន្តហោះនោះ ។
ប្រអប់ខ្មៅដែលគេរកឃើញនេះនឹងផ្តល់ទិន្នន័យនៃជើងហោះហើរ រួមមានសម្ពាធខ្យល់ ល្បឿនខ្យល់ និងរយៈកម្ពស់នៃយន្តហោះ ។ គេមិនទាន់រកឃើញប្រអប់ខ្មៅទីពីររបស់យន្តហោះនេះទេ ដែលប្រអប់ខ្មៅទីពីរនេះជាឧបករណ៍ថតសម្លេងនៅក្នុងយន្តហោះ ។
លោកឧត្តមសេនីយ៍ Hadi Tjahjanto មេបញ្ជាការកងទ័ពជើងអាកាសឥណ្ឌូនេស៊ីបានសម្តែងនូវភាពសុទិដ្ឋិនិយម និងជឿជាក់ថា ក្រុមអ្នករុករកនឹងអាចរកឃើញប្រអប់ខ្មៅទីពីរក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោកបានបន្ថែមថា “យើងរំពឹងថា តាមរយៈការស៊ើបអង្កេតនេះ យើងនឹងអាចដឹងពីអាថ៏កំបាំងនៃឧបទ្ទវហេតុដែលបានកើតឡើងនេះ” ។
ក្រុមអ្នករុករកមួយក្រុមបានប្រមូលបំណែកសាកសពដាក់ក្នុងថង់ផ្លាស្ទិកធំៗ និងបានរកឃើញបំណែកយន្តហោះនៅកន្លែងកើតហេតុ ។
គួរបញ្ជាក់ផងដែរថា យន្តហោះដែលបានធ្លាក់នោះជាប្រភេទយន្តហោះ ប៊ូអ៊ិញ ៧៣៧-៥០០ ដែលមានអាយុកាល ២៦ ឆ្នាំ ។ ប្រធានក្រុមហ៊ុនអាកាសចរណ៍ Sriwijaya លោក Jefferson Irwin Jauwena បានថ្លែងថា យន្តហោះរបស់ខ្លួនស្ថិតក្នុងស្ថានភាពល្អ មុនពេលហោះហើរ ។
ដោយ៖ បូ សល់