(Reuters)៖ អនុប្រធានផ្នែកសម្របសម្រួលការវិនិយោគ និងធនធានរ៉ែឥណ្ឌូនេស៊ី លោក Septian Hario seto បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះថា ប្រទេសឥណ្ឌូនេស៊ីទទួលបានសំណើរវិនិយោគរបស់ក្រុមហ៊ុនTesla ដែលជាក្រុមហ៊ុនផលិតយានយន្តដើរដោយប្រព័ន្ធអគ្គិសនីរបស់អាមរិក ។
នីកែលគឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ថ្មយានយន្តប្រើអគ្គិសនី ។ ឥណ្ឌូនេស៊ីជាប្រទេសផលិតនីកែលធំជាងគេបំផុតនៅលើពិភពលោក ហើយបាននិងកំពុងតែទាក់ទាញក្រុមហ៊ុនTeslaឱ្យមកវិនិយោគនៅក្នុងប្រទេសនេះ ដើម្បីជួយអភិវឌ្ឍគម្រោងរថយន្តអគ្គិសនី និងឧស្សាហកម្មឥណ្ឌូនេស៊ី ។
Septian Hario setoបាននិយាយថា “ខ្ញុំបានទទួលសំណើរវិនិយោគរបស់ពួកគេនៅព្រឹកម្សិលមិញ ហើយសប្តាហ៍ក្រោយ យើងជួបពិភាក្សាជាមួយពូកគេតាមប្រព័ន្ធអនឡាញ ដើម្បីទទួលការពន្យល់ជាផ្លូវការ ។”
Septian Hario setoបន្ថែមថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតនៃសំណើរនោះបានទេ ព្រោះភាគីរដ្ឋ និងក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងមិនបង្ហាញសេចក្តីលម្អិតនៃសំណើរជាសារធាណៈ ប៉ុន្តែលោកបានបង្ហើបថា ចំណុចសំខាន់នៃការពិភាក្សាផ្តោតលើដំណោះស្រាយអាគុយយានយន្ត និងថាមពល ។
លោកថ្លែងទៀតថា “បើក្រុមហ៊ុនចង់ត្រឹមតែទិញវត្ថុធាតុដើមសុទ្ធតែម្តងនោះ យើងមិនចាប់អារម្មណ៍ឡើយ។ តែសំណើរដែលក្រុមហ៊ុនបានដាក់មកគឺលើសពីការទិញយកវត្ថុធាតុដើម ។
ឥណ្ឌូនេស៊ីធ្លាប់ជាប្រទេសដែលនាំចេញនីកែលច្រើនជាងគេបំផុត មុនពេលប្រទេសនេះសម្រេចបញ្ឈប់ការនាំចេញនីកែលកាលពីឆ្នាំទៅ ក្នុងគោលបំណងអភិវឌ្ឍចង្វាក់ផ្គត់ផ្គង់នីកែលដែលមានលក្ខណៈពេញលេញ ដោយផ្តើមចេញពីការយកនីកែលសុទ្ធមក ហើយឆ្នៃទៅជាលោហធាតុ និងសារធាតុគីមីសម្រាប់ប្រើប្រាស់ក្នុងអាគុយ និងថ្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការយានយន្តអគ្គិសនី ។
ក្រុមហ៊ុនTesla បាននិយាយកាលពីឆ្នាំមុនថា ក្រុមហ៊ុនកំពុងតែស្វែងរកប្រភពផ្គត់ផ្គង់នីកែលដែលអាចទុកចិត្តបាននៅទូទាំងពិភពលោកដោយដឹងថាតម្លៃថ្មយានយន្តអគ្គិសនីបច្ចុប្បន្ននៅតែជាឧបសគ្គដ៏ធំដល់ការបន្តលូតលាស់ទៅមុខនៃក្រុមហ៊ុន។
ដោយ៖ បូ សល់