OTTAWA (REUTERS) ៖ នាយករដ្ឋមន្រ្តីកាណាដា លោកJustin Trudeau បានថ្លែងឱ្យដឹងតាមរយៈកិច្ចសម្ភាសន៍មួយដែលចាក់ផ្សាយតាមកម្មវិធី Reuters Next interview កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែមករា ឆ្នាំ២០២១នេះថា ប្រទេសកាណាដា និងសម្ពន្ធមិត្តដទៃទៀតកំពុងតែរំពឹងចាំមើលថា លោក ចូ បៃដិន នឹងចូលរួមជាមួយពិភពលោកឡើងវិញដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា បម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្មសេរីជាដើម ។
លោកនាយករដ្ឋមន្រ្តី Trudeau បានបន្ថែមទៀតថា យើងត្រូវការអាមេរិកឱ្យចូលរួមឡើងវិញក្នុងឆាកអន្តរជាតិ ។
លោក ចូ បៃដិន បានយកឈ្នះលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីការបោះឆ្នោតនៅខែវិច្ឆកា ឆ្នាំ ២០២០ ហើយនឹងស្បថចូលកាន់តំណែងនៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ ២០២១ខាងមុខនេះ ។
លោក Trudeau បានថ្លែងថា រឿងមួយដែលពួកសម្ពន្ធមិត្តអាមេរិកតែងតែរំពឹងចង់ឃើញនោះគឺអាមេរិកចូលសកម្មជាមួយពិភពលោកក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មសេរី ការប្រែប្រួលអាកាសធាតុ ការការពារប្រជាធិបតេយ្យ ការដោះស្រាយការកើនឡើងនៃរបបផ្តាច់ការដែលយើងឃើញនៅជុំវិញពិភពលោក ។
លោកប្រធានាធិបតី ដូណាល់ ត្រាំតែងតែមានជម្លោះជាមួយសម្ពន្ធមិត្តលើបញ្ហាពាណិជ្ជកម្ម ។ ត្រាំបានយកពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែកថែមពីកាណាដា និងបានធ្វើឱ្យប៉ះពាល់តួរនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងនាមជាអាជ្ញាកណ្តាលពាណិជ្ជកម្មពិភពលោក ។
និយាយពីអាកាសធាតុ ត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងបារីស ដែលជាកិច្ចព្រមព្រៀងដែលបង្កើតក្របខណ្ឌអន្តរជាតិក្នុងការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិច ។ កាលពីសប្តាហ៍មុន លោក Trudeau បាននិយាយថា ត្រាំ និងអ្នកនយោបាយអាមេរិចមួយចំនួនទៀតបានញុះញង់បង្កឱ្យមានអំពើហិង្សានៅវិមានកាពីតូល ។
ដោយ៖ បូ សល់