ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការអភិវឌ្ឍន៍លំនៅដ្ឋានបែបប្រណីត ឬមានតម្លៃថ្លៃ បាននិងកំពុងបាញ់ឆ្ពោះ ទៅកាន់តំបន់ជាយរាជធានីភ្នំពេញស្ទើរតែគ្រប់ទិស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ការអភិវឌ្ឍន៍លំនៅដ្ឋានបែបប្រណីតទៅកាន់ជាយរាជធានី ដោយសារតែតម្លៃដីនៅក្បែរៗ ឬកណ្ដាលរាជធានី ដែលធ្វើឱ្យអ្នកវិនិយោគមិនអាចរកប្រាក់ចំណេញបាន។
លោកបានថ្លែងថា “អ្នកវិនិយោគត្រូវការតម្លៃដីទាបល្មម ដែលអាចឱ្យពួកគេចំណេញពីការវិនិយោគ។ ម្យ៉ាងទៀតនៅក្បែរ ឬកណ្ដាលរាជធានី ក៏មិនមានដីទូលាយ សម្រាប់អភិវឌ្ឍន៍ជាបុរីបានស្រួលនោះដែរ” ។ លោកបន្តថា “នៅតំបន់ជាយរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនផងដែរ ដែលជំរុញអោយវិនិយោគិនងាកទៅរកតំបន់ជាយៗក្រុង សម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន” ។ បើតាមផែនការមេរបស់រាជរដ្ឋាភិបាល ក៏បានកំណត់ការអភិវឌ្ឍជុំវិញរាជធានីជាមុំ៣៦០ដឺក្រេ។ ដូច្នេះហើយគ្រប់ទិសនៃរាជធានី គឺត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់។ សម្រាប់តម្លៃត្រឹម២០ឬ៣០ម៉ឺនដុល្លារអាមេរិក នៅតំបន់ជាយរាជធានី បច្ចុប្បន្នគឺនៅមានការគាំទ្រច្រើន ពីប្រជាពលរដ្ឋព្រោះថា វាក៏មិនទាន់ថាឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញដែរ។
លោកបានបន្តថា ដើមឆ្នាំ២០២១ សញ្ញាវិជ្ជមានចំពោះវិស័យ អចលនទ្រព្យនៅកម្ពុជា ចាប់ផ្តើមបង្ហាញជាបណ្តើរៗ ដោយសារស្ថាប័នធំៗ បានព្យាករពីកំណើនវិជ្ជមានសេដ្ឋកិច្ចកម្ពុជា ដែលវាផ្តល់ទំនុកចិត្តដល់អ្នកអភិវឌ្ឍន៍ និងវិនិយោគិន។លំនៅដ្ឋានបែបប្រណីតមានតម្លៃចាប់ពី១០ម៉ឺនដុល្លារ ទៅដល់ជាង១លានដុល្លារ ហើយលំនៅដ្ឋានបែបប្រណីតភាគច្រើន ត្រូវបានអភិវឌ្ឍន៍ក្នុងគម្រោងបុរី៕
ដោយ៖ បូ សល់