(Reuters)៖ ក្រុមវិនិយោគិនកំពុងរង់ចាំមើលរបាយការណ៍ ប្រាក់ចំណូលប្រចាំសប្តាហ៍ នៅអាទិត្យក្រោយនេះពីវិស័យសណ្ឋាគារ កប៉ាល់កម្សាន្ត និងអាជីវកម្មផ្សេងៗទៀតដែលញាំញីខ្លាំងដោយវិបត្តិកូវីដ១៩ ដើម្បីធ្វើជាសូចនាករចង្អុលបង្ហាញថាតើក្រុមហ៊ុនណាខ្លះដែលអាចនឹងងើបមុនគេនៅពេលដែលវិបត្តិកូវីដបានធូរស្បើយ ។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ របស់ទីភ្នាក់ងារសារព័ត៌រ៉យទ័រ (Reuters)
អស់រយៈពេលជិតមួយឆ្នាំមកនេះ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុភាគច្រើនបានមើលរំលងការរកប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ និងវិស័យលំហែកាយ ដែលការបិទប្រទេស និងការរឹតត្បិតការធ្វើដំណើរ ដែលបង្កឡើងដោយជំងឺកូវីដបានបំផ្លាញអាជីវកម្មរបស់ក្រុមហ៊ុនក្នុងវិស័យទាំងនេះ និងបានធ្វើភាគហ៊ុនរបស់ពួកគេធ្លាក់ចុះយ៉ាងច្រើន ។ តូយ៉ាង ភាគហ៊ុនរបស់ក្រុមហ៊ុនMarriot និង Norwegian Cruise Lines បានធ្លាក់ចុះ១២% ។
យ៉ាងណាក៏ដោយ តូលេខនៅសប្តាហ៍ក្រោយនេះអាចនឹងផ្តល់តម្រុយខ្លះថាតើក្រុមហ៊ុនណាខ្លះនឹងមានសុខភាពហិរញ្ញវត្ថុល្អជាងគេបំផុត ហើយនឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងគេពីការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ខណៈដែលអនុញ្ញាតឱ្យវិនិយោគិនវាស់វែងបានល្អប្រសើរក្នុងការវាយតម្លៃក្រុមហ៊ុន ។
លោកAdam Trivison អ្នកគ្រប់គ្រងផលប័ត្រប្រចាំក្រុមហ៊ុនGabelli Fundsបានថ្លែងថា «លទ្ធផលទូទៅសុទ្ធតែមិនល្អ ប៉ុន្តែវាស្រេចនៅលើថាតើក្រុមហ៊ុនណាខ្លះដែលនឹងត្រឡប់មករកភាពប្រសើរឡើងវិញ ។»
ការផ្តោតទៅលើក្រុមហ៊ុនទេសចរណ៍ និងការកម្សាន្តនេះបានកើតឡើងនៅពេលដែលវិនិយោគិនថ្លឹងថ្លែងស៊ីជម្រៅអំពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង និងកម្រិតដែលវានឹងជួយឱ្យសេដ្ឋកិច្ចឈានទៅរកភាពប្រសើរឡើងវិញ ។
លោកTrivisonបាននិយាយថា លោកនឹងយកចិត្តទុកដាក់តាមតាមការកក់សណ្ឋាគាររបស់ក្រុមអ្នកជំនួញសម្រាប់ការប្រជុំជាក្រុមដែលលោករំពឹងថានឹងផ្តល់តម្រុយអំពីទំហំការធ្វើដំណើររបស់នយោជិកនៅសប្តាហ៍ខាងមុន ។ អ្នកដំណើរធុរកិច្ចជាធម្មតាមានចំនួន២៥%នៃអតិថិជនសរុបរបស់សណ្ឋាគារ ។
ដោយ៖ បូ សល់