(AP)៖ នាយកប្រតិបត្តិក្រុមហ៊ុនTesla Inc លោក Elon Musk ត្រូវបានម្ចាស់ភាគហ៊ុនម្នាក់ប្តឹងចោទប្រកាន់ពីបទរំលោភលើការទូទាត់ ឆ្នាំ ២០១៨របស់គាត់ជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិកលើការប្រើប្រាស់Twitter របស់លោក ។
យោងតាមពាក្យបណ្តឹងដែលត្រូវបានបង្ហាញនៅល្ងាចថ្ងៃព្រហស្បតិ៍ទី ១១ ខែមីនា ឆ្នាំ ២០២១ នៅតុលាការDelaware Chancery Court អ្វីដែលលោកElon MuskបានផុសលើTwitter និងបរាជ័យរបស់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនTesla ដើម្បីធានាថាគាត់បានគោរពតាមដំណោះស្រាយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក(SEC) បានធ្វើឱ្យម្ចាស់ភាគហ៊ុនខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ ។
ពាក្យបណ្តឹងនេះបានគូសបញ្ជាក់ការបង្ហោះរបស់ លោកElon Musk ជាច្រើននៅលើបណ្តាញសង្គមTwitter រួមទាំងការវាយតម្លៃរបស់គាត់កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២០ ថាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនTesla ខ្ពស់កប់ពពក ដែលធ្វើឱ្យមានការធ្លាក់ចុះជាង ១៣ ពាន់លានដុល្លារនៅក្នុងតម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla ។
លោក Chase Gharrity ដែលជាដើមបណ្តឹងបាននិយាយថា សកម្មភាពរបស់លោកElon Musk និងភាពអសកម្មរបស់គណៈនាយករបស់Tesla បង្កឱ្យមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន ហើយពួកគេគួរតែសងការខូចខាតដល់ក្រុមហ៊ុនTesla ដែលមានមូលដ្ឋាននៅ ក្រុងPalo Alto រដ្ឋកាលីហ្វ័រញ៉ាពីបទរំលោភតូនាទីរបស់ពួកគេ ។
ពាក្យបណ្តឹងនេះត្រូវបានប្តឹងដល់តុលាការ ទោះបីជាតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនTesla បានកើនឡើងជិតប្រាំដងចាប់តាំងលោកElon Muskបានបង្ហោះសារលើTwitterនោះមក ដែលធ្វើឱ្យក្រុមហ៊ុនTeslaទទួលបានតម្លៃភាគហ៊ុនកើនឡើងជាង ៦០០ ពាន់លានដុល្លារ ហើយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក(SEC)មិនបានចោទប្រកាន់លោកElon Muskអំពីការរំលោភបំពានណាមួយជាសាធារណៈនោះទេ ។
ក្រុមហ៊ុនTeslaមិនបានឆ្លើយតមភ្លាមៗទៅនឹងសំណើរសុំការអត្ថាធិប្បាយនៅទេនៅថ្ងៃសុក្រនេះ ។ មេធាវីរបស់លោកGharrity មេធាវីរបស់លោកElon Musk និងគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក(SEC)ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយដែរ ។
ដោយ៖ បូ សល់