អាជ្ញាធររដ្ឋ(São Paul o) ប្រទេសប្រេស៊ីលបានសម្រេចចិត្ត បង្ខំឲ្យ ក្រុមហ៊ុន Appleចាប់ពីពេលនេះតទៅលក់ទូរស័ព្ទ iPhone ត្រូវតែភ្ជាប់ជាមួយឆ្នាំងសាក ប្រសិនបើមិនដូច្នោះទេ ក្រុមហ៊ុនទូរស័ព្ទដៃយក្សមួយនេះនឹងត្រូវហាមឃាត់មិនឲ្យនាំចូលលក់នៅរដ្ឋគេទៀតទេ។
ព័ត៌មាននេះធ្លាប់លេចឮជាលើកដំបូងនៅថ្ងៃទី២ ខែធ្នូ លើសារព័ត៌មានក្នុងស្រុកមួយរបស់ប្រេស៊ីល ហើយបន្ទាប់មកត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារការពារអ្នកប្រើប្រាស់រដ្ឋសាវ ប៉ាវឡូ (Procon-SP) ។
កាលពីខែតុលា Procon-SP បានស្នើសុំឲ្យក្រុមហ៊ុន Apple បញ្ជាក់ពីមូលហេតុដែលថាចាំបាច់ត្រូវដកឆ្នាំងសាកចេញពីកញ្ចប់ iPhone ថ្មី។
Procon-SP តម្រូវឲ្យ Apple បង្ហាញទឡ្ហីករណ៍បញ្ជាក់ថាការដែលមិនឲ្យឆ្នាំងសាកនេះនឹងមិនបង្កភាពខាតបង់ដល់អ្នកប្រើប្រាស់ ក៏ដូចជាចង្អុលបង្ហាញនូវអត្ថប្រយោជន៍បរិស្ថានពិតប្រាកដរបស់ទង្វើនេះ។
ឆ្លើយតបទៅនឹងការស្នើសុំនេះ Apple បាននិយាយថាអ្នកប្រើប្រាស់ភាគច្រើនមានឆ្នាំងសាកចាស់រួចហើយ ហើយឆាំងសាកចាស់នេះអាចប្រើបានសម្រាប់ iPhone ថ្មី ហើយការដកគ្រឿងបន្លាស់មួយនេះចេញ នឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនដែលប៉ះពាល់ដល់បរិស្ថាន។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារការពារអតិថិជនមួយនេះ មិនពេញចិត្តនឹងការពន្យល់នោះទេ។ បើតាមProcon-SP វិញ ការសាកថ្មត្រូវបានគេចាត់ទុកថាជាផ្នែកមួយមិនអាចខ្វះបានពេលដែលប្រើប្រាស់ផលិតផលអេឡិចត្រូនិក ដូច្នោះហើយ បើលក់ iPhone មិនឲ្យឆ្នាំងគឺរំលោភច្បាប់ការពារអ្នកប្រើប្រាស់របស់ប្រេស៊ីល ។
Procon-SP ក៏បាននិយាយផងដែរថា Apple មិនបានផ្តល់ភស្ដុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាការដកឆ្នាំងសាកចេញនឹងជួយដល់បរិស្ថាននោះទេ ហើយ Apple មិនបានធានានូវការគាំទ្រផ្នែកបច្ចេកទេសដល់អ្នកប្រើប្រាស់ នៅពេលពួកគេទិញឆ្នាំងសាកពីប្រភពទីបីនោះទេ។
យ៉ាងណាក្ដី សេចក្ដីសម្រេចចិត្តបង្ខំឲ្យ Apple លក់ទូរស័ព្ទ iPhone ត្រូវភ្ជាប់ជាមួយនូវឆ្នាំងសាកបច្ចុប្បន្ននេះតើបមានប្រសិទ្ធភាពតែនៅក្នុងរដ្ឋ សាវ ប៉ាវឡូ តែប៉ុណ្ណោះឯង ប៉ុន្តែលេខាធិការនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ប្រេស៊ីលបាននិយាយថា ស្ថាប័នមួយនេះ កំពុងពិចារណាចំពោះវិធានការណ៍បង្ខំ Apple ដូចរដ្ឋ សាវ ប៉ាវឡូដែរ។
វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេបើបន្ទាប់ពីប្រេស៊ីល នឹងមានប្រទេសផ្សេងៗ ទៀតធ្វើច្បាប់ស្រដៀងគ្នានេះដែលបង្ខំ Apple លក់ទូរស័ព្ទ iPhone ដោយភ្ជាប់ជាមួយនូវគ្រឿងបន្លាស់គ្រប់គ្រាន់។
ប្រភព៖ GIZMOCHINA
អត្ថបទ៖ ម៉ីស៊ិន