Tokyo (CNA)៖ នៅថ្ងៃចន្ទទី ១៨ ខែ មករា ឆ្នាំ ២០២១នេះ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Toshimitsu Motegi បានចោទប្រកាន់កូរ៉េខាងត្បូងថាកំពុងធ្វើឱ្យទំនងទំនងការទូតជប៉ុន-កូរ៉េរឹតតែអាក្រក់ឡើង ដោយកូរ៉េទាមទារនូវសំណងមិនស្របច្បាប់អន្តរជាតិសម្រាប់ការបំពានផ្លូវភេទនារីកូរ៉េ និងការបង្ខំធ្វើហួសកម្លាំងក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ។
លោក Toshimitsu Motegi បន្ថែមថា “យើងសូមជម្រុញឱ្យកូរ៉េកែតម្រូវការបំពានច្បាប់អន្តរជាតិឱ្យបានឆាប់បំផុត ដើម្បីស្ថារទំនាក់ទំនងល្អឡើងវិញ ។”
តុលាការក្រុងសេអ៊ូលបានចេញសម្រេចកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១នេះថា រដ្ឋាភិបាលជប៉ុនត្រូវតែផ្តល់ប្រាក់១០០ លានវ៉ុន ស្មើនឹង ៩១ ៣៦០ ដុល្លារអាមេរិកដល់ស្រ្តីទាំង១២នាក់ ដែលបានដាក់បណ្តឹងកាលពីឆ្នាំ២០១៣ ស្តីពីការឈឺចាប់របស់ពួកគាត់នាសម័យសង្គ្រាមក្នុងនាមជាស្រ្តីបម្រើការសប្បាយរបស់កងទ័ពជប៉ុន ។
សេចក្តីសម្រេចរបស់តុលាការនេះបានធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់ធ្ងន់ធ្ងរឡើងថែមទៀត ។
កាលពីឆ្នាំ ២០១៨ តុលាការកំពូលកូរ៉េបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនផ្តល់សំណងដល់ជនជាតិកូរ៉េមួយចំនួនដែលត្រូវជប៉ុនបង្ខំឱ្យធ្វើការលើសកម្លាំងនៅរោងចក្រជប៉ុនក្នុងពេលសង្គ្រាម ។
ជម្លោះពាក់ព័ន្ធនឹងការបង្ខំឱ្យធ្វើការនេះបានបង្កឱ្យមានជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងនាំឱ្យកូរ៉េគំរាមរំលាយកិច្ចព្រមព្រាងព្រៀងចែករលែកព័ត៌មានសម្ងាត់ផ្នែកយោធាជាមួយជប៉ុន ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់ក្នុងសហប្រតិបត្តិការពារក្នុងតំបន់ជាមួយសហរដ្ឋអាមេរិក ។
ជប៉ុនបានជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការកូរ៉េ ដោយសំអាងថា បញ្ហាសំណងសម័យសង្គ្រាមត្រូវបានដោះស្រាយតាមនីតិវិធីសន្ធិសញ្ញាឆ្នាំ ១៩៦៥ ដែលតម្រូវឱ្យជប៉ុនផ្តល់ជំនួយសេដ្ឋកិច្ចចំនួន ៥០០ លានដុល្លារអាមេរិក ដល់កូរ៉េ ។
ដោយ៖ បូ សល់