ទីក្រុងតូក្យូ ថ្ងៃទី៣០ ខែវិច្ឆិកា ព្រះអង្គម្ចាស់ Akishino ដែលជាព្រះអនុជរបស់ព្រះបាទ Naruhito ហើយក៏ជារាជបុត្រស្នងរាជរបស់ជប៉ុន មានរាជបន្ទូលថាព្រះអង្គ សព្វព្រះហឫទីលើគម្រោងរៀបអភិសេករបស់បុត្រីរបស់ព្រះអង្គ គឺព្រះនាង Mako និងបុរសជារាស្ត្រសាមញ្ញ ឈ្មោះ Kei Komuro ។
រាជានុម័តនេះ បានធ្វើឡើងក្រោយរយៈពេល ២ ឆ្នាំ និង ៩ ខែ បន្ទាប់ពីការប្រកាសពន្យារពិធីអភិសេកនេះ។
បន្ទូលរបស់ព្រះអង្គម្ចាស់ Akishino បានធ្វើឡើងក្នុងសន្និសិទកាសែតមួយ មុនបុណ្យចម្រើនព្រះជនគម្រប់ ៥៥ ព្រះវស្សារបស់ព្រះអង្គព្រះអង្គ ទ្រង់មានបន្ទូលថា ៖ «ប្រសិនបើពួកគេពិតជាមានបំណងចង់រៀបអភិសេកមែននោះ ក្នុងនាមជាមាត្តា បិតា ខ្ញុំក៏គោរពតាមបំណងរស់ពួកគេដែរ» ។
នៅក្នុងសេចក្តីបកស្រាយអំពីមូលហេតុដែលទ្រង់បានរាជានុញាត្តិអភិសេករបស់ ព្រះនាងម្ចាស់ Mako និង លោក Komuro ដែលមានអាយុ ២៩ ឆ្នាំ (ស្មើនឹងព្រះជនរបស់ព្រះនាងដែរ)ទ្រង់បានលើកឡើងពីបទប្បញ្ញត្តិមួយ នៅក្នុងរដ្ឋធម្មនុញ្ញជប៉ុន ដែលចែងថា អាពាហ៍ពិពាហ៍ត្រូវផ្អែកលើការយល់ព្រមគ្នារបស់សមីខ្លួនទាំងពីរ។
ព្រះអង្គក៏មានបន្ទូលថាគម្រោងអភិសេកនេះត្រូវបានពិភាក្សា ហើយមិនអាចមានពិធី «Nosai-no-Gi» ដែលជាពិធីអភិសេករបស់រាជវង្សជប៉ុន នោះទេ។
គួរបញ្ជាក់ផងថា ដោយសារតែព្រះបាទ Naruhito ពុំមានបុត្រាដើម្បីស្នងរាជនោះទេ តាមច្បាប់នៃប្រទេសជប៉ុន ព្រះអង្គម្ចាស់ Akishino ដែលជាព្រះអនុជ នឹងក្លាយជាចៅអធិរាជ ប្រសិនបើព្រះបាទ Naruhito សោយទីវង្គត ឬ ដាក់រាជ ។