(ភ្នំពេញ) នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នៅទីស្តីការក្រសួងលោក ស៊ូហ្កាណូ យូអ៉ីឈី ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បញ្ចប់អាណត្តិ និងលោកស្រី កាម៉េ ហារុកុ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសំដែងនូវទឹកចិត្តរីករាយ ចំពោះគ្នាទៅវិញទៅមក ដោយកិច្ចពិភាក្សា បាន ផ្តោតជាសំខាន់ ទៅលើការអភិវឌ្ឍន៍វិស័យទឹកស្អាតនិងការបណ្តុះ បណ្តាលធនធាន មនុស្សនៅកម្ពុជា ។
លោក ស៊ូហ្កាណូ យូអ៉ីឈី និងលោកស្រីប្រធានថ្មី បានបង្ហាញនូវជំហរបន្តសហការជាមួយក្រសួងបន្តទៀត ជាពិសេសស លើវិស័យទឹកស្អាត ក៏ ដូចជា ជួយធ្វើការណ្តុះបណ្តាលធនធានមនុស្ស ដែលជាកត្តាសំខាន់មួយ ស្របពេលដែលអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាន ប្តូរឈ្មោះ ដោយបន្ថែមវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នៅក្នុងនោះផងដែរ ។សូមបញ្ជាក់ថា៖ទីភ្នាក់ងារ JICA គឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៌វិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងច្រើនជាងគេ លើការកសាងហេដ្ឋារចនាសម្ព័ន្ធ និង អភិវឌ្ឍន៌ធនធានមនុស្ស ដូចជា គម្រោងកសាងសមត្ថភាព ដែលជំហ៊ានទី១ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ និងបានអនុវត្តជាបន្តបន្ទាប់នូវជំហ៊ានទី២ និងជំហ៊ានទី៣ ហើយមកដល់បច្ចុប្បន្ន ទីភ្នាក់ងារ JICA បាន នឹងកំពុងអនុវត្តគម្រោងកសាងសមត្ថភាពរបស់អគ្គនាយក ដ្ឋានទឹកស្អាត ក្នុងការគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជន នៅកម្ពុជា ។
តាមរយៈគម្រោងទាំងនេះ មន្ត្រីជំនាញជាច្រើនត្រូវបានទទួលការបណ្តុះ បណ្តាលរយៈពេលខ្លី មធ្យម និងវែង ដែល បង្កើតបានជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៌វិស័យទឹកស្អាតនៅកម្ពុជា ប្រកបដោយចិរភាព ។ ក្រៅពីគម្រោងកសាងសមត្ថភាព ទីភ្នាក់ងារ JICA ក៏បានផ្តល់ហិរញ្ញប្បទានសម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ត ក៏ដូចជាអង្គភាពទឹក សាធារណៈ ។ ជាក់ស្តែងបានបង្កើន សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកក្រុងភ្នំពេញ ប្រមាណ ២៥០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ប្រមាណ៧០.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ អង្គភាពរដ្ឋាករទឹក បាត់ដំបង ជាង២០.០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ រដ្ឋាករទឹកខេត្តកំពង់ចាម ជាង ១០.០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ អង្គភាពរដ្ឋាករទឹកខេត្តកំពត ជិត ៨.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងគម្រោងផ្លាស់ប្តូរ និងពង្រីកបណ្តាញចែកចាយនៅតាមបណ្តាខេត្ត ដូចជា៖ ខេត្ត ពោធិ៍សាត់ បាត់ដំបង និងខេត្តព្រះសីហនុផងដែរ ។ ក្រៅពីនេះ ទីភ្នាក់ងារ JICA បាននឹងកំពុងអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ៦.៦០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងកំពុងពិចារណាគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅ ខេត្តស្វាយរៀង ៦.៨០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ផងដែរ ។
ដោយ៖ បូ សល់