(Reuters)៖ អនុប្រធានាធិបតីសហរដ្ឋមេរិក លោកស្រី កាម៉ាឡា ហារីសបានបង្ហាញខ្លួនជាលើកដំបូងចំពោះអង្គការសហប្រជាជាតិនៅថ្ងៃអង្គារទី ១៦ ខែមីនា ឆ្នាំ ២០២១ ដោយលោកស្រីបានថ្លែងប្រាប់កិច្ចប្រជុំមួយស្តីអំពីសមភាពយេនឌ័រថា លទ្ធិប្រជាធិបតេយ្យពឹងផ្អែកជាមូលដ្ឋានទៅលើការផ្តល់សិទ្ធិអំណាចដល់ស្រ្តី និងថាលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកកំពុងតែបន្តស្ថិតនៅក្រោមសម្ពាធដ៏ធំ ។
អ្នកស្រីHarrisដែលជាអនុប្រធានាធិបតីស្រ្តីទី១ក្នុងប្រវត្តិសាស្រ្តអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមខ្សែអាត់វីដេអូមួយទៅកាន់សម័យប្រជុំលើកទី ៦៥ ស្តីអំពីឋានៈស្ត្រី ថា «លទ្ធិប្រជាធិបតេយ្យត្រូវការការប្រុងប្រយ័ត្នជានិរន្តរ៍ និងការកែលម្អជាប្រចាំ ។ ហើយថ្ងៃនេះ យើងសុទ្ធតែដឹងថា លទ្ធិប្រជាធិបតេយ្យកំពុងតែស្ថិតនៅក្រោមសម្ពាធដ៏ធ្ងន់ធ្ងរ ។»
លោកស្រីបានមានប្រសាសន៍ថា «ស្ថានភាពប្រជាធិបតេយ្យក៏ពឹងផ្អែកជាមូលដ្ឋានទៅលើការផ្តល់សិទ្ធិអំណាចដល់ស្រ្តី ។ ការមិនរាប់បញ្ចូលស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តគឺជាចំណុចខ្វះខាតនៃលទ្ធិប្រជាធិបតេយ្យដែលជាគុណវិបត្តិមួយ ហើយការចូលរួមរបស់ស្រ្តីអាចពង្រឹងលទ្ធិប្រជាធិបតេយ្យពេញលេញ ។»
លោកស្រីបន្ថែមថា រដ្ឋការរបស់លោកប្រធានាធិបតី ចូ បៃដិននឹងធ្វើឱ្យភាពជាដៃគូរបស់ទីក្រុងវ៉ាស៊ីនតុនជាមួយនឹងអង្គភាពស្រ្តីររបស់អង្គការសហប្រជាជាតិប្រសើរឡើងវិញ ។
កាលពីនៅក្រោមរដ្ឋការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានដឹកនាំជំរុញឱ្យអង្គការសហប្រជាជាតិប្រឆាំងនឹងការលើកកម្ពស់សិទ្ធិផ្លូវភេទ និងសុខភាពបន្តពូជ ពីព្រោះរដ្ឋការលោកត្រាំយល់ឃើញថា វាជាក្រមសម្រាក់ការរំលូតកូនទៅវិញ ។ រដ្ឋការរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានជំទាស់នឹងភាសាដូចនេះនៅក្នុងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។
ដោយ៖ បូ សល់