ភ្នំពេញៈ ក្រុមហ៊ុន Khmer Holding Group ដឹកដោយលោកឆាវ អ៊ីនទ័រ បានប្រកាសថា ក្រុមហ៊ុនជ្រើសរើសរកទីតាំងនៅខេត្តកំពង់ស្ពឺ និងទីតាំងអាទិភាពមួយចំនួន ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បម្រើឱ្យវិស័យកសិកម្ម-ឧស្សាហកម្ម។
ក្នុងជំនួបជាមួយលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ឧកញ៉ា ឆាវអគ្គនាយកក្រុមហ៊ុនឆាវ អ៊ីងទ័របានមានប្រសាសន៍ឲ្យដឹងថា ខេត្តកំពង់ស្ពឺជ្រើសរើសរកទីតាំងបង្កើតតំបន់ សេដ្ឋកិច្ចពិសេស សម្រាប់បម្រើឱ្យវិស័យកសិកម្ម-ឧស្សាហកម្ម ហើយបច្ចុប្បន្ន ទីតាំងមួយចំនួនត្រូវបានជ្រើសរើស ជាអាទិភាពរួច រង់ចាំវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច។
លោកបន្តថា “អ្វីដែលសំខាន់ចង់ជម្រាបជូនលោករដ្ឋមន្ត្រី នាពេលនេះផងដែរ គឺគម្រោងនេះទទួលបានកិច្ច សហការពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្លូវ និងខ្សែក្រវាត់មួយដោយមានតំណាងអញ្ជើញមកចូលរួមផងដែរ” ។
ជាមួយគ្នានេះ ក្រុមហ៊ុន Khmer Holding Group ក៏បានចុះសិក្សាស្រាវជ្រាវលើគុណភាពដី ប្រភពទឹក ស្ថានភាពក្សេត្របរិស្ថាន ផ្លូវគមនាគមន៍ នៅតាមបណ្តាខេត្តគោលដៅមានខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹងត្រែង និងខេត្តកោះកុង ដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។
លោកបានថ្លែងថា “តំបន់សេដ្ឋកិច្ចពិសេស គួរពិនិត្យមើលទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជម្រើសដ៏ល្អ” ។
លោកវេង សាខុនបានមានប្រសាសន៍៍ថា គម្រោងវិនិយោគ ដែលជាជំនួយរបស់រ ដ្ឋាភិបាលចិននេះ ពិតជាមានសារសំខាន់ ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅ រឹងមាំ គ្រប់ជ្រុងជ្រយ និងស្ថិតស្ថិរយូអង្វែងថែមទៀត។
លោកបានបន្តថា “កសិកម្មកម្ពុជាមានសក្តានុពល តែយើងនៅខ្វះវិនិយោគិនក្នុង និងក្រៅប្រទេស ដើម្បីប្រើប្រាស់សក្តានុពល ដែលយើងមានឲ្យអស់លទ្ធភាពសំដៅលើកស្ទួយផលិតភាពផលិតកម្ម ប្រកួតប្រជែង កែច្នៃ និងនាំចេញឆ្លើយតបតាមតម្រូវការទីផ្សារគឺស្តង់ដារផលិត ធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាពនិងការប្រកួតប្រជែងតម្លៃ” ៕
ដោយ៖ បូ សល់